គិតត្រឹមថ្ងៃ១៧ មេសា រាជរដ្ឋាភិបាល ទទួលបានថវិកាបរិច្ចាគជាង ១៣លានដុល្លារ ពីសប្បុរសជននានា

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាបរិច្ចាគចំនួន ១៣.៥៩៧.២៩៥ដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះ សប្បុរសជនដែលបាន ចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិត ពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត» ។

សម្ដេចតេជោ បន្តថា ដោយឡែកការរួមវិភាគទាន តាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទគិតត្រឹម ព្រឹកថ្ងៃ១៦ មេសា មានចំនួន ១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់ នៅក្រសួងមុខងារសារធារណៈ ។

សម្ដេចតេជោ បញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ របស់ប្រជាជនកម្ពុជាយើង ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ។ សម្ដេច ក៏បានថ្លែងអំណរព្រះគុណ ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងចលនាជាតិ ដ៏ធំមួយនេះ ៕