សម្ដេចតេជោ អំពាវនាវឲ្យពលករខ្មែរ គោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ របស់អាជ្ញាធរថៃ

0

ភ្នំពេញ៖ ដើម្បីចូលរួមការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសក៏ដូចជា នៅលើពិភពលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារអំពាវនាវ ដល់ពលករ-ពលការី ដែលស្នាក់នៅ និងធ្វើការងារ នៅក្នុងប្រទេសថៃទាំងអស់ ឲ្យចូលរួមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលបានដាក់ចេញដោយអាជ្ញាធរថៃ។

សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះថា ជូនពរឆ្នាំថ្មីដល់បងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស សុខសប្បាយជាទេបងប្អូនជនរួមជាតិ ។ អរគុណចំពោះការយកចិត្តទុកដាក់ ធ្វើតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ សូមកូនក្មួយ កុំធ្វេីអ្វីដែលខុសច្បាប់ នៅក្នុងប្រទេសគេ ដែលកំពុងដាក់ ក្នុងគ្រាអាសន្នអោយសោះ ។

សម្ដេចគួសបញ្ជាក់ថា “ទន្ទឹមនឹងនេះដែរ សូមអំពាវនាវដល់បងប្អូនកូនក្មួយ និងពលករពលការនី ដែលកំពុងរស់នៅ ធ្វើការក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ សូមគោរពតាមច្បាប់ និងបទបញ្ញាត្តិទាំងឡាយ ដែលប្រទេសគេបានដាក់ចេញ រួមទាំងច្បាប់បម្រាមគោចរ និងបម្រាមជួបជុំគ្នាជាក្រុម ឬជប់លៀងជាក្រុមដែលពេលនេះ ប្រទេសគេកំពុងមាន ការហាមឃាត់តឹងរឹងបំផុត ក្នុងការទប់ស្កាត់ ការចម្លងរោគកូវីដ-១៩។”

សម្ដេចបន្តថា សំខាន់ណាស់នៅពេលនេះ គឺសុវត្ថិភាពសុខភាព អាយុជីវិតបងប្អូនកូនក្មួយ ពលករពលការនីផ្ទាល់។ សូមបងប្អូនយោគយល់ និងគោរពច្បាប់ទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេស នៅក្នុងស្ថានភាពដែលប្រទេសភាគច្រើន បានដាក់ចេញនូវបទបញ្ញត្តិ និងបម្រាមដ៏តឹងរឹង ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសនេះ សម្ដេចក៏បាន ជូនពរដល់ជនរួមជាតិផងដែរ ថា សូមទេវតាឆ្នាំថ្មីនាំមកនូវសិរីសួស្តី និងលាភសំណាងដល់បងប្អូន និងកូនក្មួយទាំងអស់គ្នា ហើយសូមបានចៀសផុតពីជំងឺឆ្លងកូនវីដ-១៩ គ្រប់ៗគ្នា៕