ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថាកម្ពុជា គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ទេ ប៉ុន្ដែភាគីពាក់ព័ន្ធមិនត្រូវភ្លេចខ្លួន ពីព្រោះជំងឺនេះ នៅតែជាបន្ទុកដ៏ធ្ងន់មួយ របស់កម្ពុជា ខណៈកម្ពុជាបានសម្រេច ជោគជ័យលែងមានករណីស្លាប់ ដោយសារ ជំងឺគ្រុនចាញ់ ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ បច្ចុប្បន្ននេះ ។
យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើម ចេញពីខ្ញុំ»ក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុ កដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ សុខុមាលភាពសង្គម និងសំដៅរួមចំណែក ដល់ការថែរក្សាសុខភាព របស់ប្រជាពលរដ្ឋ បានឲ្យដឹងថា កម្ពុជាកំពុងអនុវត្តអភិក្រម ការងារលុបបំ បាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១៦-២០២០ ដែលជាផ្នែកមួយ នៃផែនការយុទ្ធសាស្ដ្រជាតិ លុបបំបាត់ ជំងឺគ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ដែលជាផែនទី បង្ហាញផ្លូវនិងបង្ក លក្ខណៈងាយស្រួល ដល់ការប្រតិបត្តិ ជាក់ស្ដែងឈានឆ្ពោះ ទៅលុបបំបាត់ជំងឺ គ្រុនចាញ់ ទូទាំងប្រទេស។
សម្ដេចតេជោបន្ដថា សមិទ្ធផលទាំងនេះកំពុង តែបង្ហាញឲ្យឃើញនូវសញ្ញាវិជ្ជមាន លើប្រសិទ្ធភាព និងគុណភាពខ្ពស់ លើរាល់កិច្ចការអន្ដរាគមន៍ របស់កម្ពុជា ឆ្លើយតបប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ដើម្បីឈានទៅសម្រេច ជោគជ័យបានទាំងស្រុង លើការលុបបំបាត់ជំងឺគ្រុនចាញ់ គ្រប់ប្រភេទនា ឆ្នាំ២០២៥ និងក៏ជាបុព្វហេតុមួយក្នុងការចូលរួមចំណែកឈានទៅ សម្រេចគោលដៅអភិវឌ្ឍសហស្សវត្សកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា «ទោះបីយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវភ្លេចខ្លួន ស្កប់ស្កល់ នឹងលទ្ធផលដែលយើងទទួលបាននោះទេ ព្រោះថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់មួយរប ស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់ មេរោគគ្រុនចាញ់ឲ្យអស់ ពីក្នុងខ្លួនមនុស្សគ្រប់ៗរូប ទេនោះ សត្វមូលដែកគោលញី ដែលនៅបន្ដមានវត្តមាន ក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱ កាសខាំបឺតឈាមចម្លង មេរោគគ្រុនចាញ់ ពីមនស្សម្នាក់ទៅមនុស្សម្នាក់ និងពីសហគមន៍ មួយ ទៅសហគមន៍មួយដដែល»។
សម្ដេច នាយករដ្ឋមន្ដ្រីកម្ពុជា អំពាវនាវឲ្យ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន គ្រប់លំដាក់ថ្នាក់ទាំងអស់ វិស័យឯកជមន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ ជាតិ និងអន្ដរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេស ប្រជាជនគ្រប់រូប ត្រូវបន្ដចូលរួម និងគ្រាំទ្រដល់ បេសកម្មរបស់ក្រសួងសុខាភិបាល តាមផែនការយុទ្ធសាស្ដ្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅ កម្ពុជា ឆ្នាំ២០១១-២០២៥ ឲ្យទទួលបានជោគជ័យ៕