សម្ដេចតេជោ នឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ានពិសេស និងអាស៊ានបូកបីពិសេស ស្តីពីកូវីដ១៩ តាម Video Conference

0

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលទេនោះ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងប្រទេសបូកបីផ្សេងទៀត នឹងចូលរួមកិច្ចប្រជុំ កំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ការអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ១៩ របស់ថ្នាក់ដឹកនាំអាស៊ាន គឺតបតាមការអញ្ជើញរបស់លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ មេសានេះ បានឲ្យដឹងថា អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ រួមមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញថ្លែងសុន្ទរកថា ដ៏មានអត្ថន័យចំនួន ២ ស្តីពីផលប៉ះពាល់នៃកូវីដ១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គម ជារួម ដែលទាមទារកិច្ចប្រឹងប្រែងរួមគ្នា ជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង នៃកូវីដ១៩នេះ។

កិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួម របស់អាស៊ានតាមរយៈសកម្មភាពរួម នៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតប ដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅក្នុងការគ្រប់គ្រងជម្ងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈ រួចជាស្រេចក្នុងការរិះរកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ១៩ ៕