ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលនាំគ្នាសំរុកចេញពីភ្នំពេញ ទៅស្រុកកំណើត កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ត្រូវបានយកទៅដាក់ដោយឡែករយៈពេល ១៤ថ្ងៃ ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់លើទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ មេសានេះថា «នៅតាមមូលដ្ឋានដែលតឹងរឹង បងប្អូនមួយចំនួនដែលខំសំរុក ចេញកាលពីយប់ថ្ងៃព្រហស្បត៍ ទី៩ មេសា ២០២០ ត្រូវគេយកទៅដាក់ដោយឡែកចំនួន ១៤ថ្ងៃ គឺមិនបានទៅដល់ផ្ទះ បើលោតែមកដល់ភ្នំពេញ គេដាក់ដោយឡែក ១៤ថ្ងៃទៀត បានដឹងថាចាញ់បោកមេខ្យល់មែនទែន!» ។
សូមរំលឹកថា កាលពីថ្ងៃទី៩ មេសា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញបទបញ្ជា ស្ដីពីការដាក់កំហិត លើការធ្វើដំណើរក្នុងប្រទេស ចាប់ពីថ្ងៃទី៩ មេសា ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២០ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ៕