ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាល់នៃ ជំងឺកូវីដ១៩នោះ បុរសខ្លាំងនៃកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា សម្ដេចមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ ដោយសារការខ្វះខាតស្បៀងអាហារឡើយ ទោះបីក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបប្រទះនូវជំងឺកូវីដ១៩ក៏ដោយ ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៦ មេសានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់សប្បុរសជន និងមន្រ្តីរាជការដែលបានបរិច្ចាគថវិកា និងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (Covid-19) ។
សម្ដេចបន្តថា តបតាមការអំពាវនាវរបស់ សម្តេចក្នុងការរៃអង្គាសមូលនិធិ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គិតត្រឹមថ្ងៃទី៤ មេសាកន្លងទៅនេះ គណៈកម្មការជាតិប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ បានទទួលថវិកាប្រមាណជាង ១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជន ចូលរួមបរិច្ចាគផងនិង បូករួមទាំងថវិកាបៀវត្សរ៍ ដែលចូលរួមដោយមន្រ្តីរាជការផងដែរ ។
សម្តេចតេជោបន្ថែមថា យើងត្រៀមថវិកានេះ សម្រាប់យកទៅជួយប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដូចជាទិញម៉ាស និងសម្ភារៈបរិក្ខាររបស់គ្រូពេទ្យ ទិញអាល់កុល និងត្រៀមបម្រុងសម្រាប់ជួយ ប្រជាពលរដ្ឋទៅតាមតម្រូវការជាក់ស្តែង និងចាំបាច់បន្ទាន់ ។
សម្តេចតេជោបញ្ជាក់ថា “កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំង ខិតខំធ្វើការងារដើម្បីជាផលប្រយោជន៍ របស់ប្រជាពលរដ្ឋយើង។ កុំទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹងហើយ មិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីឌ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើល ប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារឲ្យ ពួកគាត់បានជាបន្ទាន់ឆាប់បំផុត។ កុំអោយពួកគាត់ខ្វះស្បៀងអាហារឲ្យសោះ ក្នុងពេលដែលសភាពការណ៍ មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមាន ក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ ដែលមានក្នុងប្រទេសរបស់យើង សម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋ របស់យើងឲ្យបានទាន់ពេល” ។
សម្ដេចតេជោ ក៏បានថ្លែងអំណរគុណ ដល់សប្បុរជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការទាំងអស់ ដែលបានចែករំលែកបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួន ចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ១៩ ៕