ភ្នំពេញ៖ ក្រោយពីលោក យ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) លើកឡើងថា គោលនយោបាយទប់ទល់ អាសន្នសេដ្ឋកិច្ចសំខាន់ជាងច្បាប់ ដាក់ប្រទេសក្នុងគ្រាអាសន្ន ហេីយច្បាប់នេះក៏មិនអាចដោះស្រាយ អាសន្នសេដ្ឋកិច្ចបានដែរនោះ លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រតិកម្មតបវិញថា ការលើកឡើងរបស់លោក យ៉ង សាំងកុមារ គ្រាន់តែជាភាសាវោហាស័ព្ទរបស់អ្នកនយោបាយ ដើម្បីឲ្យគេចាប់អារម្មណ៍តែប៉ុណ្ណោះ ។
ការឆ្លេីយតបរបស់លោក ផៃ ស៊ីផាន ធ្វេីឡេីងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងវប្បធម៌ នងវិចិត្រសិល្បៈ» នៅថ្ងៃទី៦ មេសា ឆ្នាំ២០២០នេះ ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្ដីពី ការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ មាន៥ជំពូក និង១១មាត្រា ដែលត្រូវបានរៀបចំឡើង ដើម្បីដឹកនាំជាតិ នៅពេលដែលប្រទេសត្រូវបានប្រកាសឱ្យដាក់ក្នុងភាពអាសន្ន។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុង ភាពអាសន្នត្រូវបានរៀបចំឡើងដោយ ផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាស ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។
សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិ អំណាចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការ ចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាស ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេល ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាល នៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាល ដល់កម្រិតទូទាំងប្រទេស ៕