រឿងមិនគួរឲ្យជឿ ! បុរសពីរនាក់ដេញតាមចាប់សត្វទា រហូតជាប់ក្នុងលូ​បង្ហូរទឹកស្លាប់​ទាំងពីរនាក់​

0

ភ្នំពេញ៖ វាជាករណីថ្មី មិនគួរ​ឲ្យជឿ ដោយបុរសពីរនាក់បានស្លាប់ ក្នុងលូបង្ហូរទឹក ក្រោយពេលដែល​ព្យាយាមដេញតាមចាប់សត្វទា ។​
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ នៅវាលស្រែមួយកន្លែង នៅម្តុំផ្លូវរទេះភ្លើង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះ ទាំង២នាក់ចូលក្នុងលូ ដើម្បីដេញតាមចាប់សត្វទា ដែលហែលចូលក្នុងលូនោះ បណ្តាលអោយជាប់ល្បាប់ភក់ក្នុងលូនិងបាត់ខ្លួនជាច្រើនម៉ោង ទម្រាំរកឃើញ ជនរងគ្រោះស្លាប់ទៅហើយ ។

សេចក្តីរាយការណ៍បានបន្តទៀតថា នៅវេលាម៉ោងជាង២ មានកម្មករ សំណង់ម្នាក់ ពេលកំពុងអង្គុយសម្រាកពីការងារ ឃើញសត្វទារត់ចូលក្នុងលូ ក៍ចូលទៅតាមចាប់យកឲ្យម្ចាស់គេវិញ ហើយដំបូងៗបុរសរូបនោះចាប់បានសត្វទាចំនួន៥ក្បាល ក៏បន្តចូលតាមរកសត្វទាមួយចំនួនទៀត រួចក៍បាត់ខ្លួនមិនឃើញចេញមកវិញ។ បន្ទាប់មក ដោយសារបាត់ខ្លួនម្នាក់នោះមិនឃើញចេញមកវិញ បុរសម្នាក់ទៀត ដែលជាកម្មករសំណង់ដូចគ្នា ក៍ចូលក្នុងលូនោះតាមរកពីក្រោយ រួចក៏បាត់ខ្លួនទាំងពីរនាក់ រហូតដល់ម៉ោងជាង៦ល្ងាចនេះ ទើបអ្នកស្រុករកឃើញជនរងគ្រោះទាំង២នាក់ បានបាត់បង់ជីវិតទៅហើយ។ បើតាមសេចក្តីរាយការណ៍ដដែលថា លូនោះមានបណ្តោយប្រហែលជា ១០០ម៉ែត្រ ហើយមិនសូវមានខ្យល់ចេញចូលនោះទេ។
ទោះយ៉ាងណា អត្តសញ្ញាណនៃសាកសព មិនទាន់ត្រូវបានកំណត់ឡើយ ដោយសាររង់ចាំការធ្វើកោសល្យវិច្ច័យពីសមត្ថកិច្ចជំនាញ៕