ហេតុអ្វីកម្ចីជាដុល្លារអាមេរិក នៅតែថ្លៃបើ ធនាគារជាតិនៃកម្ពុជា ឱ្យធនាគារពាណិជ្ជ ខ្ចីក្នុងតម្លៃថោក ?

0

ភ្នំពេញ៖ លោកស្រី ជាសេរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិកម្ពុជា បានបកស្រាយពន្យល់ អំពីករណីធនាគារជាតិនៃកម្ពុជា ទម្លាក់ អាត្រាការប្រាក់ឱ្យធនាគារ ពាណិជ្ជ ក្នុងអាត្រាទាបតែមិនជះឥទ្ធិពល ធំដុំដល់កម្ចីជា ប្រាក់ដុល្លារអាមេរិកទេ។

ហេតុអ្វីកម្ចីជាដុល្លារអាមេរិក នៅតែថ្លៃបើធនាគារជាតិ នៃកម្ពុជា ឱ្យធនាគារពាណិជ្ជខ្ចី ក្នុងតម្លៃថោក?

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកស្រី ជាសេរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិកម្ពុជា បានបកស្រាយពន្យល់់ ក្នុងន័យដើមទាំងស្រុងថា “នៅតាមបណ្តាប្រទេសមួយចំនួន ធំធនាគារកណ្តាល តែងតែធ្វើ អន្តរាគមន៍ ក្នុងពេលដែលប្រទេស ជួបវិបត្តិសេដ្ឋកិច្ច តាមរយៈ ការ បញ្ចុះអាត្រាការប្រាក់ ដែលខ្លួនឱ្យធនាគារពាណិជ្ជខ្ចី ដែលអាត្រានេះនឹង ជះឥទ្ធិពលដល់អាត្រាការប្រាក់ ដែលធនាគារ ពាណិជ្ជ យកពីអតិថិជនតាមរយៈឥណទាន។
កាលណា សេដ្ឋកិច្ច ជួបបញ្ហា ធនាគារកណ្តាលនឹងទម្លាក់អាត្រាការប្រាក់ ដើម្បី ជួយ ជំរុញធនាគារពាណិជ្ជ ឱ្យបន្តផ្តល់កម្ចីដល់សាធារណជន ក្នុងតម្លៃទាបក្នុងគោលបំណង ជំរុញការចាយវាយផ្សេងៗ ដែល នឹងជំរុញ ការផលិតបន្ថែម និងការវិនិយោគ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារកណ្តាល របស់ប្រទេស ក៏បានអនុវត្តវិធានការនេះដែរ ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ បានន័យថា ពេលធនាគារជាតិនៃកម្ពុជា ទម្លាក់ អាត្រាការប្រាក់ ដែលខ្លួនផ្តល់ ឱ្យធនាគារពាណិជ្ជ អាត្រាទាបនេះបាន ត្រឹម តែជះឥទ្ធិពល ដល់កម្ចីជាប្រាក់រៀល តែប៉ុណ្ណោះ តែមិនបាន ជះឥទ្ធិពល ធំដុំដល់កម្ចីជាប្រាក់ដុល្លារអាមេរិកទេ។

១. ហេតុអ្វីបានជាកម្ចី ជាដុល្លារអាមេរិកនៅតែថ្លៃ បើធនាគារ ជាតិនៃកម្ពុជាខំឱ្យធនាគារពាណិជ្ជខ្ចី ក្នុងតម្លៃថោកហើយនោះ?
អ្វីដែលធនាគារជាតិនៃកម្ពុជា ឱ្យខ្ចី គឺប្រាក់រៀល។ ធនាគារជាតិ នៃកម្ពុជា ជាអ្នកបោះពុម្ព និងចេញផ្សាយលុយរៀល។ ដូចនេះ ធនាគារជាតិនៃកម្ពុជាមានម្ចាស់ការទាំងស្រុងលើការគ្រប់គ្រងលុយរៀល។ កន្លងមក ចាប់តាំងពីធនាគារជាតិនៃកម្ពុជា បានឲកម្ចីជាប្រាក់រៀល នៅឆ្នាំ ២០១៦ កម្ចីជាប្រាក់រៀលបានធ្លាក់ចុះពី ២៥,៦៣% ក្នុង១ឆ្នាំ មកនៅ ត្រឹម ១០,៦៩% ក្នុង១ឆ្នាំ (សូមបញ្ជាក់ថានេះជាអត្រា មធ្យមភាគ) ។ប៉ុន្តែ នៅប្រទេសកម្ពុជាការឱ្យខ្ចី ភាគច្រើនគឺធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណ ដែលធនាគារជាតិនៃកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រងបានឡើយ។ ការគ្រប់គ្រងបរិមាណបោះពុម្ព និងចេញផ្សាយលុយ ដុល្លារអាមេរិក ជាសិទ្ធផ្តាច់មុខរបស់ធនាគារ កណ្តាល អាមេរិក តែមួយគត់។ កាលណាសេដ្ឋកិច្ចអាមេរិក ល្អ គេដំឡើង អាត្រាការប្រាក់លុយគេ ដើម្បីកាត់បន្ថយ ការឱ្យខ្ចីលឿន ពេក ក្នុងវិស័យឯកជនរបស់គេ ដូច្នេះអាត្រាការប្រាក់ លុយ ដុល្លារ អាមេរិកក៏ឡើងថ្លៃតាមហ្នឹងដែរ។ គេមិនដែលសួរថាកម្ពុជា ត្រូវការឱ្យលុយដុល្លារអាមេរិកថោកឬថ្លៃទេ។ ហើយសេដ្ឋកិច្ច កម្ពុជាល្អ ឬ មិនល្អ ក៏មិនមែនជារឿងរបស់គេដែរ។ គេត្រូវ ខ្វល់ខ្វាយប្រជាជន និងសេដ្ឋកិច្ចគេមុន។ ដូច្នេះ អាត្រាកម្ចីជា ដុល្លារអាមេរិកនៅកម្ពុជា មានកម្រិតខ្ពស់ឬទាប អាស្រ័យលើ ស្ថានភាពនៅអាមេរិក មិនស្ថិតលើស្ថានភាពជាក់ស្តែង នៅ កម្ពុជាឡើយ។

២. បើដូច្នេះហើយ ហេតុដូចម្តេចបានជាអាត្រាការប្រាក់ដុល្លារ អាមេរិកនៅកម្ពុជា មិនមានកម្រិតទាបដូចនៅអាមេរិកទៅ?
បើយើងចាត់ទុកលុយជាទំនិញ ដូច្នេះយើងត្រូវគិតថាដូចទំនិញ ដទៃដែរ មានអ្នកលក់ដុំ និង អ្នកលក់រាយ។ អ្នកលក់ដុំគឺ ធនាគារ កណ្តាលអាមេរិក។ គេលក់លើកទី ១ ឱ្យធនាគារពាណិជ្ជ អាមេរិក ដែលទទួលទំនិញបានថោក រួចហើយធនាគារពាណិជ្ជ នៅអាមេរិក លក់ទំនិញនោះតៗគ្នា ឱ្យធនាគារពាណិជ្ជធំៗ ដទៃ ទៀតក្នុងពិភពលោក ហើយម្នាក់ៗយកចំណេញតិចៗ រៀង ខ្លួន ទៅ ទម្រាំមកដល់អតិថិជនខ្មែរយើង កម្ចីជាដុល្លារអាមេរិក ក៏ថ្លៃ តាមហ្នឹងដែរ។

៣. ចុះហេតុអ្វីបានជានៅស្រុកខ្មែរយើង ការប្រាក់លុយរៀល នៅតែខ្ពស់ជាងដុល្លារអាមេរិក? បើធនាគារជាតិនៃ កម្ពុជាខ្លួនឯង ជាអ្នកលក់ដុំ?
ជាថ្មីម្តងទៀត បើយើងចាត់ទុកលុយជាទំនិញ ហើយការប្រាក់ ប្រៀប ដូចជាតម្លៃរបស់ទំនិញ នោះ ថ្លៃទំនិញថោក ឬថ្លៃអាស្រ័យលើការផ្គត់ផ្គង់និងតម្រូវការ។ បើអ្នកត្រូវការច្រើន ជាងអ្នកផ្គត់ផ្គង់ ទំនិញនោះឡើងថ្លៃ។ នៅកម្ពុជា មិនសូវមានអ្នកសន្សំប្រាក់រៀលទេ។ ក្នុងវិស័យធនាគារ សន្សំជាប្រាក់រៀលមានតែ ៦,៤% នៃប្រាក់សន្សំសរុប។ ដោយឡែក អ្នកដែលត្រូវការប្រាក់រៀលដើម្បីទូទាត់មានច្រើនជាង ដូចជាទូទាត់ឱ្យកសិករ ទូទាត់ឱ្យពលករសំណង់ បង់ពន្ធអាករឱ្យរដ្ឋជាដើម។ ដូច្នេះហើយធនាគារពាណិជ្ជត្រូវខំធ្វើយ៉ាងណាទាក់ទាញបញ្ញើជាប្រាក់រៀល ដោយផ្តល់អាត្រាការប្រាក់ខ្ពស់។ ហើយបើផ្តល់ការប្រាក់ឱ្យអ្នកផ្ញើខ្ពស់ហើយ គេក៏ត្រូវយកការប្រាក់កម្ចីខ្ពស់តាមហ្នឹងដែរ។

៤. ចុះហេតុដូចម្តេចបានជាធនាគារជាតិនៃកម្ពុជាមិនចេញផ្សាយប្រាក់រៀលឱ្យច្រើនទៅ ដើម្បីបង្រ្គប់តម្រូវការធនាគារពាណិជ្ជ?
ធនាគារជាតិនៃកម្ពុជា បានធ្វើការងារនេះហើយ ដូចដែលបានលើកឡើងខាងលើ។ ប៉ុន្តែយើងមិនអាចចេញផ្សាយជាគំហុកតាមតែចង់បានទេ ព្រោះវាប៉ះពាល់ដល់អាត្រាប្តូរប្រាក់ (តម្លៃរបស់ប្រាក់រៀល)។ កាលណាលុយរៀល ចេញច្រើនពេក លុយរៀលនឹងធ្លាក់ថោក ប៉ះផលប្រយោជន៍ប្រជាជននៅជនបទដែលភាគច្រើនចាយលុយរៀល ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជា ត្រូវថ្លឹងថ្លែងឱ្យបាន គ្រប់ជ្រុងជ្រោយមុននឹង សម្រេចបញ្ចេញលុយរៀល បន្ថែម ក្នុងកម្រិតមួយណានោះ។

៥. និយាយចុះនិយាយឡើង ចាយដុល្លារអាមេរិកស្រួលជាង។ ការប្រាក់កម្ចី ក៏ទាបជាង។

តែមិនប្រាកដថាស្រួលរហូតទេ។ ការចាយវាយស្រួល នៅពេលដែលស្ថានភាពសេដ្ឋកិច្ចនៅល្អ ។ ប៉ុន្តែក្នុងករណីមានវិបត្តិ យើងមិនអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់យើង បានទាំងស្រុងឡើយ ដូចបានលើកឡើងខាងលើ។ មានតែចាយវាយលុយយើងទេ ទើបអាចមានម្ចាស់ការគ្រប់គ្រងស្ថានភាពបាន។ ដូច្នេះ យើងត្រូវគិតគូរឱ្យវែងឆ្ងាយ ជាពិសេស នៅក្នុងស្ថានភាពមានវិបត្តិ ។

ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទនភាពជាតិទេ តែវាជាអាវុធមួយដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងមានភាពម្ចាស់ការក្នុងគ្រាអាសន្ន។