ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សមត្ថកិច្ចតាមការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការបង្ក្រាបករណីផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាការផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តកូវីដ១៩ ការលក់ថ្នាំងព្យាបាល លក់យ័ន្តការពារ ដែលខុសច្បាប់ ជាពិសេសគឺផ្ទុយពីការណែនាំ របស់ក្រសួងសុខាភិបាល ។ នេះបើយោងតាមហ្វេសប៊ុក ឧត្តមសេនីយ៍ឯក ស ថេត ។
ក្នុងកិច្ចប្រជុំ ស្តីពីការរឹតបន្តឹងសន្តិសុខ សុវត្ថិភាពទ្វេរដង ជូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមឲ្យបានកាន់តែ សកម្មបន្ថែមទៀត ក្នុងការជួយផ្សព្វផ្សាយ អំពីការបង្ការ និងការពារទប់ស្កាត់ការឆ្លងវីរុដកូវីដ១៩ នៅថ្ងៃ៣ មេសានេះ ឧត្តមសេនីយ៍ឯក ស ថេត បានណែនាំដល់គ្រប់អង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែត្រួតពិនិត្យកម្លាំងតាមបណ្តា អង្គភាពឲ្យបានច្បាស់លាស់ ដើម្បីបំពេញភារកិច្ច ជូនប្រទេសជាតិ ប្រសិនបើមានការចាំបាច់ណាមួយ ។
លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានកោតសរសើរដល់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានតាមដានខំមិន និងដោះស្រាយជូនប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស ដោយមានការសហការគ្នាបានយ៉ាងល្អ ជាមួយអធិការដ្ឋាននគរបាលទាំង១៤ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ជាពិសេសចំពោះវិធានការយ៉ាងឆាប់រហ័សនេះ ត្រូវបានប្រជាពលរដ្ឋសាទរ កោតសរសើរ និងអរគុណយ៉ាងខ្លាំង ដល់សមត្ថកិច្ចដែលបានចុះ ដល់គោលដៅភ្លាមៗដើម្បីធ្វើការណែនាំ អប់រំ និងបញ្ឈប់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ឡូឡា បង្កសម្លេងរំខានដល់ ការសម្រាករបស់អ្នកជិតខាង ។
លោកស្នងការ បានសរសើរដល់កងកម្លាំងទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងការ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋករណីបង្កា និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ លោកស្នងការ បានបញ្ជាក់ដល់លោកអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍ទាំងអស់ ត្រូវមានកម្លាំងប្រចាំការ ២៤ម៉/២៤ម៉ ៕