ភ្នំពេញ៖ នាយកប្រតិបត្តិនៃធនាគារពិភពលោក កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានអនុម័តលើឥណទានទឹក ប្រាក់ ២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោងឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នៅកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ធនគារពិភពលោក បានឲ្យដឹងថា ឥណទាននេះជាលើកដំបូងហើយនៅក្នុងកញ្ចប់ ថវិកាប្រតិបត្តិការសម្រាប់ជួយក្នុងសភាពការបន្ទាន់ តាម រយៈយន្តការសេវា រហ័ស ក្នុងពេលមានការរាលដាលកូវីដ-១៩។
លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា មាន ប្រសាសន៍ថា «ហិរញ្ញប្បទានតាមរយៈយន្តការសេវារហ័សនេះ នឹងជួយដល់ប្រទេសកម្ពុជាក្នុងការ ឆ្លើយតបទៅនឹង ស្ថានការណ៍បន្ទាន់ផ្នែកសុខាភិបាលទូទាំងសាកលលោក ដែលមិនធ្លាប់មានពីមុនមក ហើយហិរញ្ញប្បទាននេះគឺសម្រាប់កម្ពុជាយកទៅប្រើដើម្បីជាវការផ្គត់ផ្គង់គ្រឿងបរិក្ខារ និង ឧបករណ៍ សម្ភារៈពេទ្យ ចាំបាច់ នានា ដើម្បីយកមក ធ្វើតេស្តរករោគសញ្ញា និង ព្យាបាល ជំងឺកូវីដ-១៩, កាត់បន្ថយការ រាលដាលឆ្លងរបស់មេរោគ, ពង្រឹងសមត្ថភាព ឆ្លើយតបទៅនឹងការរាលដាលមេរោគ, និងជួយធ្វើយ៉ាងណា ឱ្យអ្នកជំងឺឆាប់ជាសះស្បើយ និង សេដ្ឋកិច្ចឆាប់បានងើបឡើងវិញ»។
លោកស្រីបន្ដថា គម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញនៅក្នុង ផែនការមេកូវីដ-១៩ របស់ខ្លួន ក្នុងនោះរួមមាន ការ ពង្រឹងសកម្មភាពទប់ស្កាត់ជំងឺ, ការរកឃើញជំងឺឱ្យបានរហ័ស, ការ ត្រៀមលក្ខណៈ និង ការ ឆ្លើយតបទៅនឹង ជំងឺ។គម្រោងនេះនឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់ មណ្ឌលដាក់អ្នកជំងឺឱ្យនៅដាច់ដោយឡែក និង ព្យាបាលអ្នកជំងឺ ហើយ វា នឹង ជួយ បង្កើនសមត្ថភាពវិភាគរោគសញ្ញានៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យ បង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។
លើសពីនេះ គម្រោងក៏នឹង ជួយ ទៅលើ ការ ចំណាយ ក្នុង ការ ជាវ ការ ផ្គត់ផ្គង់ សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ យកមកព្យាបាល អ្នក ជំងឺ និង ទប់ស្កាត់ការរាលដាល នៃការឆ្លងមេរោគ។ ជាមួយគ្នានេះ គម្រោងនឹងជួយផងដែរ ដល់ វិធានការដាក់ពង្រាយ ឱ្យបានរហ័សនូវ ក្រុមការងារឆ្លើយ តបបន្ទាន់របស់ក្រសួងសុខាភិបាលនៅទូទាំងប្រទេស តាមរយៈការជួលនិង ការហ្វឹកហ្វឺនបណ្តុះបណ្តាល បុគ្គលិក បន្ថែម, ពង្រឹង សមត្ថភាពរបស់ មណ្ឌលប្រតិបត្តិការបន្ទាន់ នៃសេវាសុខាភិបាលសាធារណៈ ដែលសម្របសម្រួលការងារជាមួយកិច្ចខិតខំត្រៀមលក្ខណៈនិង ឆ្លើយតប ជំងឺកូវីដ-១៩ទូទាំងប្រទេស និងបង្កើត មណ្ឌលប្រតិបត្តិការ បន្ទាន់ នៅកម្រិតខេត្ត ទៀត។
គម្រោងនេះឆ្លើយបតបន្ទាន់ទៅនឹងជំងឺកូវីដ-១៩នេះ បំពេញបន្ថែមដល់ ការ ងារ អភិវឌ្ឍន៍វែងឆ្ងាយមួយដែលធនាគារពិភពលោក កំពុងជួយ ជ្រោម ជ្រែង នៅ ក្នុង វិស័យសុខាភិបាល ក្នុងនោះមាន គម្រោង លើកកម្ពស់សមធម៌ និង គុណភាព សុខាភិបាល (H-EQIP) ដែលសំដៅបង្កើនលទ្ធភាព របស់ ពលរដ្ឋក្រីក្រជាងគេនៅកម្ពុជាឱ្យទទួល បាន សេវាសុខាភិបាល មាន គុណភាព។
បន្ថែមពីនេះទៀត ធនាគារពិភពលោក រំលឹកថា កាលពី សប្តាហ៍កន្លងទៅ ថវិកា ១៤លានដុល្លារអាមេរិក របស់គម្រោង H-EQIP នេះ ត្រូវ បានផ្តល់តាមរយៈ សមាសភាគបម្រុងសម្រាប់ការឆ្លើយតបបន្ទាន់ (CERC) នៅក្នុងគម្រោង សម្រាប់យកទៅប្រើក្នុងការទិញ រថយន្ត សង្គ្រោះនិង គ្រឿងបរិក្ខារពេទ្យ និងដើម្បីរៀបចំមន្ទីរពិសោធន៍ជាតិ ឱ្យ មាន សមត្ថភាពឆ្លើយតប បាន រហ័សទៅនឹង ការ រាលដាលនៃជំងឺកូវីដ-១៩។ សមាសភាគ CERC នៅក្នុងគម្រោង អនុញ្ញាតឱ្យបង្វែរមូលនិធិ ពី ផ្នែកនានា នៃគម្រោង H-EQIP នេះ ដើម្បីយកទៅ បំពេញ ភាព ចាំបាច់ សម្រាប់ធ្វើការ ឆ្លើយតបជាបន្ទាន់ដែលអាចកើតមានឡើង ៕