ភ្នំពេញ ៖ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា នៅចំពោះមុខលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសន្យាថា នឹងជំរុញឱ្យមានទេសចរ និងវិនិយោគិនមកកម្ពុជាបន្ថែម ក្រោយវិបត្តិ Covid-19 រសាយបាត់។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍។
នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោក ថោង ខុន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ លោកស្រី ឯកអគ្គរដ្ឋទូត បានបង្ហាញពីការវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះវិស័យទេសចរណ៍ ក៏ជាវិស័យសំខាន់មួយ ដែលនៅតែបន្តការរីកចម្រើន និងចូលរួមជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង ខណៈវត្តមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាក៏មាននៅកម្ពុជាដែរ ។
លោកស្រីទូត បានលើកឡើងថា ប៉ុន្តែដូចដែលបានដឹងហើយថា ដោយសារការរីករាលដាលជំងឺ Covid-19 បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។ មិនខុសពីសភាពការណ៍ទូទៅក្នុងពិភពលោកប៉ុន្មានដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនឹងការភ័យខ្លាចការឆ្លងជំងឺ Covid-19។
នៅក្នុងកិច្ចពិភាក្សាការងារនេះផងដែរ លោកស្រី លីយួរកា រ៉ូទ្រីហ្គេស ប៉ារីយ៉ូស បានសន្យាថា ចាំដល់ពេលវិបត្តិជំងឺ Covid-19 រសាយផុតចេញពីពិភពលោក សាធារណរដ្ឋគុយបា នឹងបន្តជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគ មកកម្ពុជាបន្ថែមទៀត ។
លោកស្រី លីយួរកា រ៉ូទ្រីហ្គេស បានបញ្ជាក់ថា ភាគីគុយបានៅតែបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈលោក ថោង ខុន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាកទំនងមិត្តភាព ដែលប្រទេសទាំងពីរ សម្រេចបានកន្លងមក។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ថោង ខុន ក៏បានស្នើទៅកាន់ លោកស្រីឯកអគ្គរដ្ឋទូតគុយបា ធ្វើយ៉ាងណាជួយសហការឱ្យ មានការបណ្ដុះបណ្ដាល មគ្គុទ្ទេសក៍ទេសចរណ៍ និយាយភាសាអេស្ប៉ាញ របស់កម្ពុជាឱ្យបានច្រើន បន្ថែមទៀត ពីព្រោះប្រជាពលរដ្ឋគុយបា និងប្រជាពលរដ្ឋ នៅប្រទេសនានា ក្នុងទ្វីបអាមេរិកខាងត្បូង (លើកលែងតែប្រេស៊ីល) ភាគច្រើនគឺនិយាយ ភាសាអេស្ប៉ាញ។
លោករដ្ឋមន្រ្តី បន្តថា កម្ពុជាក៏ទទួលបានភ្ញៀវទេសចរនិយាយ ភាសាអេស្ប៉ាញ យ៉ាងច្រើនផងដែរ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៩ កន្លងទៅ។
គួរបញ្ជាក់ថា កម្ពុជា និងគុយបាបានភ្ជាប់ទំនាក់ទំនង ការទូតជាមួយគ្នារយៈពេល ៦០ ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរក៏គ្រោងប្រារព្ធ ទិវារំឭកខួបអនុស្សាវរីយ៍ លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំ ដល់ស្ថានការណ៍ Covid-19 ធូរស្បើយសិន ៕