ភ្នំពេញ៖ រុស្ស៊ីកំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស់ ផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។
នេះបើតាមការអះអាងរបស់លោក ឌីមីទ្រី ធ្វីតកូស(Dmitri Tsvetkov)ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាចប់អាណត្តិប្រាប់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងជំនួបនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ក្នុងជំនួបនោះលោក ឌីមីទ្រី ធ្វីតកូស ក៏បានគោរពជម្រាបជូនសម្ដេចតេជោថានៅក្នុងដំណាក់កាលខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជាជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជាដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋរុស្ស៊ីដែលតែងតែជួយកម្ពុជាកន្លងមកហើយបន្តជួយដល់កម្ពុជាតទៀតលើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក៏ដូចជាការរៀបចំផ្ដល់ម៉ាស់ដល់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។
សូមរំលឹកថាគិតត្រឹមព្រឹកថ្ងៃទី៣១មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ធ្វើឲ្យអ្នកឆ្លងសរុបកើនដល់១០៩នាក់ខណៈអ្នកជាសះស្បើយមានចំនួន២៣នាក់ ៕