ភ្នំពេញ៖ប្រទេសកម្ពុជានឹងចុះត្រជាក់រហូតដល់ ២៤ អង្សាសេចាប់ពីថ្ងៃទី១ដល់ថ្ងៃទី ៧ ខែមេសាខាងមុខនេះខណៈតំបន់ទំនាបភាគកណ្ដាលនិងភាគពាយ័ព្យអាចមានភ្លៀងធ្លាក់។
យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ នេះស្តីពីស្ថានភាពធាតុអាកាសបានឲ្យដឹងថាតាមរយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តសង្កេតឃើញថាព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបនៅលើផ្ទៃដីជាមួយនឹងខ្យល់បក់មកពីសមុទ្រចិនខាងត្បូងនោះបានធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា ២៤ដល់២៧អង្សាសេ។សីតុណ្ហភាពអតិបរមាមានពី៣៤ដល់៣៧អង្សាសេ។
ក្រសួងបានឲ្យដឹងទៀតថាចាប់ពីថ្ងៃទី២ដល់៦ខែមេសានៅបណ្ដាខេត្តនៅតំបន់វាលទំនាបភាគកណ្ដាលនិងភាគពាយ័ព្យនឹងអាចមានភ្លៀងនៅក្នុងកម្រិតមធ្យមទៅបង្គួរចំណែកបណ្ដាខេត្តដទៃទៀតនឹងអាចមានភ្លៀងតិច។
ចំណែកបណ្ដាខេត្តនៅខ្ពង់រាបឦសានវិញនិឹងមានសីតុណ្ហភាពអប្បបរមាពី២៤ដល់២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២ដល់៣៤អង្សាសេ ។ហើយចាប់ពីថ្ងៃទី២ដល់៧មេសាផ្នែកមួយចំនួននឹងអាចមានភ្លៀងនៅក្នុងកម្រិតខ្សោយទៅមធ្យម។
ដោយឡែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញនិងមានសីតុណ្ហភាពអប្បបរមា ២៥ដល់ ២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន ពី៣៣ ដល់ ៣៥ អង្សាសេ។ ហើយចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៧ខែមេសានៅក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះផ្នែកមួយចំនួននៃខេត្តកោះកុងនិងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ចំពោះស្ថានភាពអាកាសធាតុបែបនេះក្រសួងធនធានទឹកនិងឧតុនិយមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលនឹងអាចកើតមានផងដែរ៕