ភ្នំពេញ៖ ក្រសួងសុខាភិបាលក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋកុំប្រើប្រាស់ ឧបករណ៍ធ្វើតេស្ត រហ័សរកវីរុសកូវីដ១៩ ជាមធ្យោបាយ ក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯង ឲ្យសោះ ខណៈបច្ចុប្បន្នមានការផលិត ឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតមកដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ ធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩ប្រភេទ ណាមួយដែលមានការបញ្ជាក់ ទទួលស្គាល់់ពីអង្គការសុខភាពពិភពលោក នូវភាពត្រឹមត្រូវនិងប្រសិទ្ធភាព នៃការធ្វើតេស្ត រហ័សរកវីរុសកូវីដ១៩នេះ នៅឡើយទេជាពិសេស ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័ស បែបនេះគឺនៅមានទាបណាស់ ហើយក៏ចេញលទ្ធផល មកមិនច្បាស់លាស់ដែរ។
សេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ មីនានេះបញ្ជាក់បន្ថែមថា “ម្យ៉ាងវិញទៀតឧបករណ៍ ធ្វើតេស្តរហ័ស មិនទាន់មានការទទួលស្គាល់ ពីក្រសួងសុខាភិបាល ហើយជនណាដែលយកឧបករណ៍នេះ មកផ្សព្វផ្សាយលក់ជាសាធារណៈ ដោយមិនមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន”។
ក្រសួងសុខាភិបាល បានបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ មីនា ២០២០ចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយកើនដល់២១ នាក់និងគ្មានអ្នកស្លាប់នោះទេ។ ចំពោះថ្ងៃទី២៩ មីនាវិញក្រសួងបានរកឃេីញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បេីយចំនួន៨ នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (០៥នាក់) នៅបាត់ដំបង (០១នាក់) កំពង់ឆ្នាំង (០១នាក់) និងព្រះវិហារ (០១នាក់)។
ក្រុមការងាររបស់ ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយនឹងជម្រាបជូនដល់ បងប្អូនសាធារណជន ប្រសិនបើមានរកឃើញ ករណីវិជ្ជមានវីរុសកូវី១៩ថ្មី ណាផ្សេងទៀត៕