ក្រុមហ៊ុនរុស្ស៊ី ចង់ឧបត្ថម្ភថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេស ប្រយុទ្ធប្រឆាំងកូវីដ១៩ ដល់កម្ពុជា

0

ភ្នំពេញ៖ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ចប់អាណត្តិប្រចាំកម្ពុជា បញ្ជាក់ថា ក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ី មានបំណងចង់ឧបត្ថម្ភថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេសមួយចំនួន ដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺកូវីដ១៩ ។

ការលើកឡើងលោកទូតរុស្ស៊ី បែបនេះ ធ្វើឡើងស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩ និងក្នុងកាលៈទេសៈដែលកម្ពុជា កំពុងរាតត្បាតដោយជំងឺនេះផងដែរ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក  Dmitry Tsvetkov នាព្រឹកថ្ងៃទី២៧ មីនានេះថា ក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នា ពីឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងជាសកល មិនមែនគំរាមលើប្រទេសណាមួយនោះទេ ។ បញ្ហានេះគឺត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។

អ្នកនាំពាក្យបញ្ជាក់ថា «លោកទូតបានជម្រាបប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា មានក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីមួយ បានទាក់ទងមកគាត់ថា គាត់មានបំណងផ្ដល់នូវ ថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេស មកកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីទប់ទល់នឹងការរីករាលដាល នៃជំងឺកូវីដ១៩» ។ 

លោកគូសបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមួយនេះ ក៏ធ្លាប់បានឧត្ថម្ភសម្ភារៈបច្ចេកទេស ប្រយុទ្ធប្រឆាំងកូវីដ១៩ ទៅប្រទេសអ៊ីតាលី និងមានបំណងផ្ដល់ជំនួយ មកកម្ពុជា ក្នុងពេលដែលកម្ពុជា កំពុងប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ នេះផងដែរ ៕