កូវីដ១៩! ភូមិណាដែលមានពលករខ្មែរ ទើបមកពីថៃចាប់ពីម្នាក់ឡើង កំណត់ជាគោលដៅក្ដៅ ត្រូវតាមដាន

0

ភ្នំពេញ៖ ក្រោយសង្កេតឃើញ អ្នកឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាកាន់តែកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃនោះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកភូមិណា ដែលមានពលករខ្មែរ ទើបត្រឡប់មកពីធ្វើការ នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ ចាប់ពីម្នាក់ឡើងទៅ គឺជាគោលដៅក្ដៅ ដែលត្រូវធ្វើការតាមដាន រកមេរោគកូវីដ១៩ ។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពី “ការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក” ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពី “ការពិន័យអន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ចរាចរណ៍ផ្លូវគោក”នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មានពលករខ្មែរប្រមាណជា ជាង៤ម៉ឺននាក់ ដែលទើបត្រឡប់មកពីធ្វើការ នៅថៃចូលកម្ពុជាវិញ។

សម្ដេចបន្ថែមថា “ចាត់ទុកថាកន្លែងដែលមានបងប្អូន វិលត្រឡប់មកវិញ មកផ្ទះសម្បែងវិញនេះ ចាប់ពី១នាក់ទៅ ជាគោលដៅក្ដៅ សម្រាប់តាមដានរកកូវីដ១៩ ព្រោះម្នាក់វាចម្លង៥នាក់ វាមានបញ្ហា មែនថាធម្មតាច្រើនគេ រាប់ពី២ ទៅដែរណា បារាំងក៏គេរាប់ពី២ទៅដែរ!ប៉ុន្តែអានេះអត់ទេ ពី១ទៅចាត់ទុកថាមានបញ្ហា ចឹងហើយសូមឲ្យចាត់ទុក ណាដែលមានបងប្អូនយើងមកពីថៃមក ស្នាក់នៅកន្លែងផ្ទះកំណើតរបស់គាត់ហ្នឹង គឺចាប់ពី១ទៅចាត់ទុកជាចំណុចក្ដៅហើយ ជាគោលដៅក្ដៅ ដែលយើងត្រូវដែតាមដានយកចិត្តទុកដាក់ ការប្រែប្រួលសុខភាពរបស់គាត់”។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៩៨នាក់ហើយ ខណៈអ្នកជាសះស្បើយមានចំនួន១១នាក់៕