ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានដាក់ចេញនូវបទបញ្ជាចំនួន ៤ដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដោយសម្រេចប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០នេះតទៅ។
ការដាក់បទបញ្ជា របស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ អន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវបទបញ្ជា ដូចខាងក្រោម ៖
ទី១៖ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការ ប្រកាន់យកវិធានការច្បាប់ ដ៏តឹងរ៉ឹង ចំពោះបទល្មើសចរាចរណ៍ ផ្លូវគោក ដើម្បីចៀសវាង ពីការប្រឈមចំពោះផ្លូវច្បាប់ គឺត្រូវគោរពអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានល្អខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខដុមរមនា ក្នុងក្រុមគ្រួសារ ដើម្បីការពារ ទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ របស់ប្រទេសជាតិ។
ទី២៖ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយនានា បន្តអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក និងកម្រិតនៃការពិន័យ អន្តរការណ៍ ចំពោះអំពើល្មើសទៅនឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយ និងជាប់ជាប្រចាំ។
ទី៣៖ ដាក់ចេញនូវបទបញ្ជា ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ ទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមនិតិវិធីច្បាប់ នូវរាល់បទល្មើសចរាចរណ៍ផ្លូវគោក ប្រកបដោយតម្លាភាព ស្មើរភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួន យកមកផ្តន្ទាទោស តាមច្បាប់ឱ្យបាន ជាដាច់ខាត។
ទី៤ ៖ថ្នាក់ដឹកនាំ នគរបាលចរាចរណ៍ ត្រូវរៀបចំផែនការ សកម្មភាព និងរៀបចំកម្លាំង ដើម្បីតាមដាន ពិនិត្យ និងគាំទ្រប្រតិបត្តិការ អនុវត្តច្បាប់របស់មន្ត្រី នគរបាលចរាចរណ៍ ក្រោមឱវាទរបស់ខ្លួន ដើម្បីធានាអំពីភាពត្រឹមត្រូវ នៃការអនុវត្តច្បាប់ របស់មន្ត្រីនគរបាលចរាចរណ៍ ទាំងអស់ ព្រមទាំងត្រូវពង្រឹងអាកប្បកិរិយា សីលធម៌ វិន័យ ឱ្យស័ក្តិសមជាមន្ត្រី អនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។ ត្រូវផ្តល់រង្វាន់ តាមការកំណត់របស់ រដ្ឋជាមួយការលើកសរសើរ ចំពោះអង្គភាព និងមន្ត្រីមានស្នាដៃ និងត្រូវដាក់វិន័យឱ្យបាន ម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្មឬ មន្ត្រីដែលប្រព្រឹត្តផ្ទុយពី ក្រមសីលធម៌វិជ្ជាជីវៈ។
ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម ក៏សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស នឹងបន្តយកកម្លាំងកាយ ប្រាជ្ញា ស្មារតីខិតខំប្រឹងប្រែង ដោយស្មារតីទទួលខុសត្រូវដើម្បីរួមគ្នា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកឱ្យបានជាអតិបរមា និងស្នើឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ចូលរួមអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងមាត់ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែ ប្រសើរជាលំដាប់ ៕