ដោយសារគ្មានលុយ បង់ថ្លៃពេទ្យនៅថៃ ជនជាតិឥណ្ឌួនេស៊ីឆ្លងកូវីដ១៩ ២នាក់ រត់មកឲ្យកម្ពុជា ជួយព្យាបាល

0

ភ្នំពេញ៖ ក្រោយគ្មានថវិកាបង់ថ្លៃមន្ទីរពេទ្យ នៅក្នុងប្រទេសថៃ ធ្វើឲ្យបុរសជនជាតិឥណ្ឌូនេស៊ី ដែលរកឃើញឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់ នៅថៃ បានសម្រេចចិត្ត រត់មកសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ជួយព្យាបាលពួកគាត់ ។

នេះជាកាយវិកាមនុស្សធម៌ ដ៏ល្អរបស់ព្រះរាជាណាចក្រកម្ពុជា ដែលទទួលយកបុរសជនជាតិ ឥណ្ឌូនេស៊ីទាំងពីរនាក់ ដើម្បីព្យាបាលពួកគាត់ឲ្យជាសះស្បើយ ដោយមិនគិតថវិកាសូម្បីតែ ១០០រៀល ខុសពីប្រទេសជិតខាងមួយចំនួន រាល់ជនបរទេសទាំងអស់ដែល មានជំងឺកូវីដ១៩ គឺត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីព្យាបាលជំងឺនេះ ។

ជាក់ស្ដែងបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល កាលពីយប់ថ្ងៃទី២៧ មីនា បានឲ្យដឹងថា បុរសជនជាតិឥណ្ជូនេស៊ី អាយុ ៤១ឆ្នាំ និងអាយុ ៤៤ឆ្នាំ ដែលគ្រូពេទ្យថៃ ធ្វើតេស្តរកឃើញជំងឺកូវីដ១៩ ហើយរត់មកឲ្យកម្ពុជាជួយនោះ ត្រូវបានក្រសួងដាក់ឲ្យនៅព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប រួចរាល់ហើយ ។

ក្រសួងសុខាភិបាលរៀបរាប់ថា បុរសជនជាតិឥណ្ឌូនេស៊ីទាំង ២នាក់នេះ បានធ្វើតេស្តនៅមន្ទីរពេទ្យផាយ៉ាថៃ ទីក្រុងបាងកក ឃើញវិជ្ជមានវីរុសកូវីដ១៩ ដោយសារសាមីខ្លួនមិនមាន ថវិកាបង់ថ្លៃពេទ្យនៅទីនោះ ពួកគាត់ក៏បានធ្វើដំណើរ មកព្យាបាលនៅប្រទេសកម្ពុជា ហើយក្រុមការងាររបស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានយកវត្ថុសំណាករបស់ បុគ្គលទាំងពីរនាក់ខាងលើ ទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ១៩ ។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី២៦ មីនា ក្រសួងសុខាភិបាលបានរកឃើញ អ្នកឆ្លងកូវីដ១៩ សរុបចំនួន ៩៨នាក់ (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងមានចំនួន ១១នាក់ ដែលបានជាសះស្បើយ (មិនរាប់បញ្ចូលជនជាតិស៊ុយអែតម្នាក់ ដែលបានចាកចេញពីកម្ពុជា ដោយគាត់មិននៅរង់ចាំទទួលលទ្ធផលតេស្ត) ៕