ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានអះអាងថា រចនាសម្ព័ន្ធសំណង់ឈើ ដ៏ល្អឆ្នើមមួយ រួមនឹងបដិមា នៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញ ក្នុងកំណាយស្រាវជ្រាវ បុរាណវិទ្យា នៅបាតស្រះខាងជើង នៃប្រាសាទអង្គរវត្ត។
ការរកឃើញនេះ ត្រូវបានបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា អះអាងថា ជាប្រវត្តិសាស្ត្រដំបូង នៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យ ទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្ម នៃសំណង់អង្គរវត្តជំនឿ និងការរស់នៅឥតដាច់ របស់ប្រជាជនតាំង ពីសតវត្សរ៍ទី១២ មកដល់សព្វថ្ងៃ។
មានប្រសាសន៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនិងជាប្រធាននាយកដ្ឋាន អភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា រចនាសម្ពន្ធសំណង់ឈើ ដែលបានប្រទះឃើញនេះ ស្ថិតនៅចំកណ្តាលនៃស្រះ ដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយ តែនៅមានទ្រង់ទ្រាយល្អដូចដើម និងមានការបញ្ចុះបាន យ៉ាងត្រឹមត្រូវ ដោយមានស្រទាប់ខ្សាច់ ស្រទាប់ថ្ម ស្រទាប់កំណករុក្ខជាតិនិងធញ្ញជាតិ ស្រទាប់សត្វសមុទ្រ និងបំណែកកុលាលភាជន៍ជាច្រើនសម័យកាល ដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈ លាយបញ្ចូលនឹងជំនឿ ព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។ បដិមានេះជាទេពតំណាងឱ្យចំណេះដឹង បញ្ញាញាណ និងមន្តអាគម។ ការដែលបញ្ចុះទេពលាយជាមួយដូច្នេះ គឺបង្ហាញពីការគោរពតាមជំនឿដើម្បីជាទីពឹងពាក់របស់មនុស្សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្ត ក្លាយជាទឹកពិសិដ្ឋ សម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។
លោក សុខ រិទ្ធី បានបន្តថា ការរកឃើញថ្មីនេះ ជាប្រវត្តិសាស្ត្រ នៃការស្រាវជ្រាវដំបូង ហើយដែលបានប្រទះឃើញ នូវសំណង់ឈើមានស្នាដៃ ល្អស្អាតនិងព្រះមួយអង្គ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះក៏ជាភស្តុតាង វិទ្យាសាស្រ្តស្រាវជ្រាវ បែបបុរាណវិទ្យា ដែលបានបំពេញបន្ថែម ទៅលើព័ត៌មានកន្លងមក ដែលយើងពឹងផ្អែក ការសិក្សាស្រាវជ្រាវ លើសិលាចារឹក បដិមាសាស្រ្ត ប្រវត្តិសិល្បៈ។ល។ ដែលបង្ហាញនូវអាថ៌កំបាំង យ៉ាងធំមួយ ទាក់ទងនឹងប្រវត្តិ នៃការកសាងស្រះទឹក សំណង់ប្រាសាទអង្គរវត្ត បរិស្ថានធម្មជាតិ និងការរស់នៅរបស់មនុស្ស ដែលបង្ហាញឱ្យដឹងថា អង្គរមិនមាន ការបោះបង់ចោលនោះទេ គឺមានមនុស្សមករស់នៅទីនេះ មិនដាច់តាំងពីសម័យ កសាងរហូតដល់សម័យទំនើប។
លោកបន្ថែមថា ដំណាក់កាលដំបូងនេះ យើងមិនទាន់កំណត់ឱ្យច្បាស់ ថាសំណង់ឈើនេះ មានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វី ប្រាកដនោះឡើយ គឺរង់ចាំការយកបំណែកឈើ ទៅពិសោធន៍និងសិក្សា តាមបែបវិទ្យាសាស្ត្រ ជាមួយអ្នកជំនាញផ្សេងៗទៀត ៕