ភ្នំពេញ៖ រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈលោក Hishammudin Hussein រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយសម្របសម្រួល មាតុភូមិនិវត្តន៏ ពលរដ្ឋរបស់ខ្លួនចំនួន១១១ នាក់ ដែលជាប់គាំនៅកម្ពុជា បានត្រឡប់ទៅម៉ាឡេស៊ីវិញ។
យោងតាមហ្វេសប៊ុករបស់ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា “ម្សិលមិញនេះ មន្ត្រីរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្របសម្រួលឲ្យ មិត្តម៉ាឡេស៊ីបញ្ជូនយន្តហោះពិសេសមួយគ្រឿង មកទទួលជនជាតិគាត់ ដែលជាប់នៅកម្ពុជា ចំនួន ១១១ នាក់ ដោយសារតែការលុបគ្រប់ ជើងហោះហើរទាំងអស់ តាមបទបញ្ជារគ្រប់គ្រង ការធ្វើដំណើរ របស់រដ្ឋាភិបាលម៉ាឡេស៊ី “។
ជាមួយគ្នានេះដែល ភាគីម៉ាឡេស៊ី ក៏បានសម្របសម្រួល ឲ្យពលរដ្ឋខ្មែរចំនួន ៦នាក់ ដែលជាប់នៅម៉ឡេស៊ី បានធ្វើដំណើរតាមយន្តហោះពិសេសនេះ ត្រឡប់មកកម្ពុជាវិញដែរ។ ដើម្បីធានាសុវត្ថិភាព ពលរដ្ឋទាំង៦នាក់នោះ បានទៅធ្វើតេស្ត នៅមន្ទីរពេទ្យចាក់អង្រែ ពេលមកដល់ភ្លាម។
លោក ប្រាក់ សុខុន បានសរសេរបន្តថា “រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ក៏បានទូរស័ព្ទមកខ្ញុំ ដើម្បីម៉្យាង អរគុណយើងចំពោះការ សម្រួលមាតុភូមិនិវត្តន៏របស់ ពលរដ្ឋគាត់ផង ហើយម៉្យាងក៏ឆ្លៀត ឱកាសពិភាក្សាគ្នា អំពីការជួយគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងវីរុស covid-19 ការរឹតចំណងទាក់ទងទ្វេភាគី និងកិច្ចសហការក្នុងក្របខណ្ឌអាស៊ានផង។ ខ្ញុំក៏បានជូនពរសារជាថ្មីជូនលោក Hussein ដែលបានឡើង កាន់តំណែងថ្មីនេះ កាលពីថ្ងៃទី 9 មិនាកន្លងទៅ អរគុណគាត់ចំពោះ ការអនុញ្ញាតឲ្យពលករខ្មែរ បានដោយសារយន្តហោះពិសេសរបស់គាត់ ហើយបញ្ជាក់ពីការតាំងចិត្ត របស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនង ទ្វេភាគីនិងពហុភាគី”៕