ភ្នំពេញ៖ ថៅកែគ្រឿងសម្អាង និង មាសពេជ្រ លោកស្រី ទ្រី ដាណា បានបង្ហាញពីគោលការណ៍ជីវិតក្នុងរបររកស៊ី គឺ ស្មោះត្រង់ មានគុណធម៌ ចេះចែករំលែក ដែលធ្វើឲ្យអ្នកស្រី រសាត់អណ្តែតមកដល់ចំណុចនាពេលបច្ចុប្បន្ន។
លោកស្រី ទ្រី ដាណា ថា តាំងពីខ្ញុំចេះរកស៊ីមក ខ្ញុំតែងប្រាប់ខ្លួនឯងថា ត្រូវស្មោះត្រង់ មានគុណធម៌ ចេះចែករំលែក ហើយវាជាក្បូនដែលនាំឱ្យខ្ញុំរសាត់អណ្ដែតមកដល់ថ្ងៃនេះ។ ខ្ញុំមិនដែលច្រណែនជាមួយអ្នកណា រឹតតែមិនចេះនិយាយពីអ្នកដទៃ ហើយអ្វីដែលខ្ញុំធ្វើរាល់ថ្ងៃ គឺមានតែខំប្រឹងប្រែងដើម្បីភាពរីកចម្រើនទាំងខ្លួនឯងផង ទាំងអ្នកដទៃដែលខ្ញុំកំពុងដឹកនាំផង។
លោកស្រីបានបន្តថា គ្រប់យ៉ាងដែលបានមក មិនមែនបានដោយស្រួលទេ ខ្ញុំគិតរាល់ថ្ងៃ ធ្វើរាល់ថ្ងៃ ហើយពេលខ្លះក៏មានអារម្មណ៍ថាហត់ដែរ តែខ្ញុំមិនអាចនិយាយ មិនអាចទន់ជ្រាយ ហើយក៏មិនអាចឈប់ដែរ មានតែសម្រាកបន្តិច ក៏បន្តដំណើរទៅមុខទៀត។ សួរថាខ្ញុំធ្វើដើម្បីអ្វី? គឺដើម្បីជីវិតមានលំនឹង បានស្គាល់ភាពសុខស្រួលនឹងគេ ហើយក៏ជាក្ដីប្រាថ្នាដែលខ្ញុំតែងមាន គឺអាចចែករំលែកទៅអ្នកដទៃ ឃើញអ្នកដទៃមានក្ដីសុខដូចគ្នា។
«អ្នកតំណាងចែកចាយរបស់ខ្ញុំ មានជាង ៧ម៉ឺននាក់ ខ្ញុំតែងប្រាប់ពួកគាត់ថា កុំច្រណែនជាមួយអ្នកដទៃ កុំនិយាយពីអ្នកដទៃ ហើយកុំប្រៀបធៀបជាមួយអ្នកដទៃ។ អ្វីដែលត្រូវធ្វើ គឺប្រៀបធៀបជាមួយខ្លួនឯងហ្នឹងហើយ ថាបានប្រសើរជាងម្សិលមិញឬនៅ? ត្រូវធ្វើអ្វីទៀត? បើឃើញគេបានគ្រាន់បើ បានប្រសើរ ក៏ជួយសប្បាយជំនួសគេ ហើយមើលគេទៅ ថាគេធ្វើដូចម្ដេចទើបបានបែបនេះ កុំទៅច្រណែនគេ នាំឱ្យចិត្តខ្លួនឯងអំពល់ហ្មងសៅ។»អ្នកស្រីបានបន្ថែម ។
អ្នកស្រីបានបន្តបន្ថែមទៀតថា ខ្ញុំតែងប្រាប់អ្នករកស៊ីជាមួយខ្ញុំថា ត្រូវស្មោះត្រង់ មានចិត្តទូលាយ ទៅណាក៏គេស្រលាញ់រាប់អាន គេចូលចិត្តដែរ។ ធម្មតា អ្នករកស៊ីគឺចង់បានលុយហ្នឹងហើយ តែមិនមែនបានមកដោយការជាន់គេ មិនមែនបានមកដោយការបន្លំនោះទេ គឺបានមកពីភាពសុចរិតត្រឹមត្រូវ ហើយវាជារឿងដែលសប្បាយចិត្ត និងមានក្ដីសុខបំផុត បើយើងអាចធ្វើបាន។រាល់ថ្ងៃ ខ្ញុំមានក្ដីសុខនឹងអ្វីដែលខ្ញុំកំពុងធ្វើ ខ្ញុំពេញចិត្តអ្វីដែលខ្ញុំកំពុងមាន ហើយខ្ញុំនឹងប្រឹងសម្រេចក្ដីស្រមៃដែលខ្ញុំបង្កើតឡើង។ រស់នៅបែបសាមញ្ញៗ ខ្ញុំមិនខ្វល់ថាអ្នកណានិយាយអី ច្រណែនយ៉ាងណា និយាយរួមរឿងដែលត្រឹមត្រូវគឺខ្ញុំបន្តធ្វើរហូត។ រក្សាចិត្តឱ្យស្ងប់ ធ្វើតែអំពើល្អ ប្រឹងប្រែងរកស៊ី ៕