ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទផ្សារ រោងចក្រ និងភោជនីយដ្ឋាននោះទេ ហើយជាពិសេសនោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នឹងត្រូវធ្វើឡើងតាមទំនៀមទម្លាប់ធម្មតា តែហាមមានការជួបជុំមនុស្សច្រើន ។
ក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី២៥ មីនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ កុំឲ្យប្រើប្រាស់អបិយជំនឿ ដើម្បីបណ្ដេញជំងឺកូវីដ១៩ ។
ជាមួយគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យម្ចាស់រោងចក្រទាំងអស់ ត្រូវរៀបចំឲ្យមានការពិនិត្យសុខភាពកម្មករ កម្មការិនីមុនចូលធ្វើការ ជាពិសេសសម្ដេច ក៏គាំទ្រឲ្យកម្មករពាក់ម៉ាស់គ្រប់ៗគ្នា ក្នុងម៉ោងធ្វើការផងដែរ ៕