ជនបរទេសលើនាវា នៅកំពង់ចាមជាង ៥០នាក់ ត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីតេស្តរកមិនឃើញជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រោយពីត្រូវបានដាក់ឲ្យស្នាក់នៅ ដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងទទួលបានការយកចិត្តទុកដាក់ ព្រមទាំងធ្វើតេស្តរកមិនឃើញជំងឺកូវីដ១៩នោះ ភ្ញៀវទេសចរណ៍ចំនួន ៥៣នាក់ នៅលើនាវា VIKINGCRUISEJOURNEY ដែលចូលចតនៅកំពង់ចាម កាលពីពេលកន្លងទៅ បានត្រឡប់ទៅស្រុកកំណើតវិញហើយ ។

ក្នុងពេលជូនដំណើរភ្ញៀវទេសចរណ៍ទាំង ៥៣នាក់ កាលពីថ្ងៃទី២៤ មីនា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា ការដែលយើងបានមកជូនដំណើរ ពួកគាត់ពីសណ្ឋាគារមេគង្គ មកដល់ នាវា ព្រោះក្រសួងសុខាភិបាលប្រទេសកម្ពុជា បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ ទៅប្រទេសពួកគាត់ រៀងៗខ្លួនវិញ ក្រោយលទ្ធផលធ្វើតេស្តសុខភាពទាំង ៥៣នាក់ គ្មានមេរោគកូវីដ១៩ នោះទេ ។

លោកអភិបាលខេត្ត បន្ថែមថា អ្នកដំណើរលើនាវា ៤នាក់ផ្សេងទៀត គឺមិនទាន់មានការអនុញ្ញាត ឲ្យចាកចេញបានទេ ដោយស្ថិតក្នុងការតាមដានសុខភាព ស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៥ មីនានេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ ៩៣ករណី ខណៈអ្នកជាសះស្បើយមាន ៦ករណី ៕