លោក គួច ចំរើន អំពាវនាវឲ្យពលរដ្ឋ សម្ងំក្នុងផ្ទះរៀងៗខ្លួន ប្រសិនគ្មានការ ចាំបាច់ត្រូវចេញក្រៅ

0

ភ្នំពេញ៖ ក្រោយពីបានរកឃើញអ្នកឆ្លង វីរុស Covid-19 ចំនួន ៣៣នាក់ នៅខេត្តព្រះសីហនុ ក្នុងនោះជនជាតិបារាំង ៣១នាក់ និងខ្មែរ ២នាក់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំអស់ សម្ងំនៅក្នុងផ្ទះរៀងៗខ្លួន ប្រសិនជាគ្មានការចាំបាច់ត្រូវចេញក្រៅ។

ក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកើតមាននៅខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក គួច ចំរើន បានមានប្រសាសន៍ថា “ប្រសិនជាគ្មានការចាំបាច់ទេប្រជាពលរដ្ឋ គ្រប់រូបគួរតែ នៅក្នុងផ្ទះរៀងៗខ្លួនដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងជៀសឱ្យឆ្ងាយពីជម្ងឺ កូវីដ១៩ លើកលែងតែអ្នកដែលមានការចាំបាច់។ ហើយក្រៅពីនេះមន្ត្រីរាជការក៏ដោយ ប្រសិនបើគ្មានការចាំបាច់ធំដុំទេ គឺមិនបាច់ជួបជុំគ្នាទេនាំគ្នា ធ្វើការតាមប្រព័ន្ធអនឡាញ នាំគ្នាធ្វើការតាមទូរសព្ទក៏បានដែរ។ សូមណែនាំឱ្យមន្ត្រីយើងទាំងអស់គ្នា ធ្វើជាភ្នាក់ងារសន្តិសុខ សម្រាប់ការអប់រំណែនាំ ឬក៏ដាក់កំហិតទៅប្រជាពលរដ្ឋ ឬមន្ត្រីគ្នាឯងណាដែលយើងដឹងថា គាត់មានការសង្ស័យឬការពាក់ព័ន្ធនឹង អ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវក្តាប់ឱ្យបាន”។

ក្នុងកិច្ចប្រជុំបន្ទាន់នេះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការ សំខាន់ៗមួយចំនួនដូចខាងក្រោម៖
-រដ្ឋបាលខេត្ត មិនមានការបិទទីក្រុងនោះទេ គឺបិទតែសណ្ឋាគារមួយប៉ុណ្ណោះ

-រដ្ឋបាលខេត្តបានត្រៀម អគារព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ២១ បន្ទប់ស្មើនឹង ៤២គ្រែ និងសណ្ឋាគារចំនួន២កន្លែង សរុបចំនួន១០៦ បន្ទប់ស្មើ នឹង ២០២ គ្រែ សរុបទាំងអស់គឺមានចំនួន ១២៧ បន្ទប់ស្មើនឹង ២៤៤ គ្រែ និងបានត្រៀមអគារមួយចំនួនទៀត សម្រាប់ទុកដាក់អ្នកជំងឺកូវីដ ១៩ ។

-ចំពោះបងប្អូនប្រជាពលរដ្ឋ និងពលករដែលត្រឡប់មកពីប្រទេសថៃថ្មីៗនេះ សូមដាក់ឱ្យនៅ ដាច់ដោយឡែកពីក្រុមគ្រួសារ សាច់ញាតិរបស់ខ្លួន រយៈពេល១៤ ថ្ងៃសិន។ ប្រសិនបើមានករណី សង្ស័យមានកូវីដ១៩ សូមរាយការណ៍ជាបន្ទាន់ ទៅគ្រូពេទ្យដែលប្រចាំការ នៅតាមមណ្ឌលសុខភាព ឬក៏ទំនាក់ទំនងតាមលេខ ទូរសព្ទពិសេសដែលរដ្ឋបាលខេត្តព្រះសីហនុបានផ្តល់ជូន។

-អ្នកដែលផ្ទុកវីរុសកូវីដ១៩ ទាំង៣២នាក់នេះ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាល តាមបន្ទប់ដាច់ដោយឡែកនៅសណ្ឋាគារមួយ ដោយមានក្រុមគ្រូពេទ្យជំនាញ នៅប្រចាំការដើម្បីតាមដាននិងព្យាបាលជំងឺពួកគាត់នៅក្នុងសណ្ឋាគារនោះតែម្ដង និងបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចការពារ ដោយមិនឲ្យមាន ការចេញចូលដោយគ្មានការអនុញ្ញាតឡើយ។

សូមបញ្ជាក់ថាគិតត្រឹម ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៨៦ករណី ខណៈក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធមួយចំនួនទៀត កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធ ផ្សេងទៀត ៕