ដំណឹងល្អ! ក្រុមហ៊ុនធំៗរបស់ជប៉ុន គ្រោងវិនិយោគលើគម្រោងពីរនៅកម្ពុជា

0

ភ្នំពេញ៖ ជាដំណឹងល្អមួយសម្រាប់កម្ពុជា តាមរយៈលោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនធំៗរបស់ជប៉ុន គ្រោងវិនិយោគ លើកគម្រោងពីរនៅកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកក្រសួងកសិកម្ម។

ក្នុងជំនួបជាមួយលោកវេង សាខុន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោក ហ្វូមីអាគី តាកាហាស៊ី បានឲ្យដឹងថាសមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូ នៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗ របស់ជប៉ុននឹងមកធ្វើ ទស្សនកិច្ចនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងបំណង ធ្វើការសិក្សាស្វែងយល់ បន្ថែមអំពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួន របស់កម្ពុជាក្នុងការវិនិយោគ។ ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូស្នើសុំអនុញ្ញាត ណាត់ជួបលោករដ្ឋមន្រ្តីផងដែរ ដើម្បីពិភាក្សាអំពីឱកាស នៃការវិនិយោគលើវិស័យកសិកម្ម។

ក្នុងខណ:នេះដែរ ក្រុមការងារនៃគម្រោងផលិតកម្មសូត្រ ដែលឧបត្ថម្ភដោយអង្គការ JICA បានរាយការណ៍ជូនជ្រាប អំពីវឌ្ឍនភាពនៃគម្រោង ដោយបានរំលេចពីលទ្ធផល សម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រ នៅផលិតជាសាប៊ូ ដែលមានគុណភាពល្អប្រសើរ សម្រាប់ស្រ្តី ហើយផលិតផលនេះ កំពុងមានការចាប់ អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។ សំខាន់មួយទៀត មានក្រុមហ៊ុនជប៉ុនមួយ បាននិងកំពុងសិក្សា លើលទ្ធភាព ក្នុងការវិនិយោគលើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញ នៅជប៉ុន។

ជាការឆ្លើយតប លោក វេង សាខុន បានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរ នឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូល សំខាន់ជាងនេះ គឺជួយរក្សាមរតកប្រពៃណី ពីបុរាណរបស់ស្រ្តីខ្មែរ គឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។ ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួម ចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែលទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាស ធាតុ។ ហេតុផលនេះលោករដ្ឋមន្ត្រីបានសម្តែងនូវឆន្ទ:គាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើវិស័យ វារីវប្បកម្មនាពេលអនាគត ៕