កម្ពុជាគ្រោងផ្អាកការ ចូលសួរសុខទុក្ខ អ្នកជាប់ឃុំក្នុងពន្ធនាគារ ដើម្បីទប់ស្កាត់ ការរាលដាលជំងឺកូវីដ១៩

0

ភ្នំពេញ៖ ស្របពេលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាល កម្រិតស្រាល នៅកម្ពុជានោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា កម្ពុជាគ្រោងផ្អាក ការចូលសួរសុខទុក្ខ អ្នកជាប់ឃុំក្នុងពន្ធនាគារ ដើម្បីទប់ស្កាត់ ការរាលដាលជំងឺនេះ។

ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពី វិធានការណ៍ការពារជំងឺ កូវីដ-១៩ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០សម្ដេចក្រឡាហោម ស ខេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “នៅចំពោះមុខយើង ខ្ញុំកំពុងពិចារណាថា សុំផ្អាកបណ្ដោះអាសន្ន ចំពោះអ្នកទៅសួរសុខទុក្ខ (អ្នកជាប់ឃុំ)។ ចំពោះអ្នកឃាត់ខ្លួនថ្មីៗ ទុកដាក់របៀបម៉េចកុំឲ្យឆ្លងទៅអ្នកជាប់ឃុំ”។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល រកឃើញ អ្នកឆ្លងជំងឺ កូវីដ-១៩ (COVID-19) នៅកម្ពុជា កើនដល់ឡើង៤៧នាក់។ បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានធ្វើការអំពាវនាវ ទៅដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់កុំឲ្យមានការរើសអើងបក្ខពួក និងពណ៌សម្បុរ ជាពិសេសអ្នកបង្ហោះព័ត៌មាន មិនពិត ជុំវិញបញ្ហា កូវីដ-១៩ នឹងត្រូវទទួលខុសត្រូវមុខច្បាប់ជាមិនខាន ៕