ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការអំពាវនាវ ដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌល សម្រាប់ជួលរៀបចំ កម្មវិធីទាំងអស់ ក្នុងរាជធានីភ្នំពេញ កុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់កម្មវិធី ដែលបានកក់ប្រាក់រួចហើយ ។
សេចក្ដីអំពាវនាវរបស់ អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងស្របពេល ដែលម្ចាស់កម្មវិធីមង្គលការ ក៏ដូចជាកម្មវិធីផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ជាច្រើនត្រូវបានលុបចោល ឬផ្អាកដោយសារការ រីករាលដាលវីរុស កូវីដ-១៩។
យោងតាមសេចក្តី អំពាវនាវ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដើម្បីជាការលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវកុំកាត់លុយ ឬយកលេសទាមទារសំណង នៃការខាតបង់ពីម្ចាស់ កម្មវិធីដែលបានកក់ប្រាក់៕