វីរុសកូវីដ១៩ ធ្វើឲ្យប៉ះពាល់ដល់ ផែនការអភិវឌ្ឍន៍ជាតិ និងការធ្វើជំរឿន ប្រជាជន (Video)

0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ បានលើកឡើងថា ការរីករាលដាលនៃ វីរុសកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ផែនការ អភិវឌ្ឍន៍ជាតិ និងការធ្វើជំរឿនប្រជាជន ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងផែនការ” នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកថេង បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការបានថ្លែងថា “ជាក់ស្ដែងការប៉ះពាល់ គឺយើងឃើញហើយ ក្នុងដំណាក់កាលដំបូងនេះ គឺយើងឃើញហើយថា ស្ថានភាពវាប្រែប្រួលយ៉ាងម៉េច! ក្នុងការអនុវត្តន៍ការងារ របស់យើងគឺវាប៉ះពាល់ ក្នុងការអនុវត្តន៍ការងារ ដំណើរការនៃការអនុវត្តន៍ ការងារផែនការ របស់យើងហ្នឹង ខ្ញុំសូមបញ្ជាក់ជូនថា ប៉ះពាល់”។

លោកបញ្ជាក់ថា នៅពេលដែលធនធាន ថវិកាមួយចំនួន មិនបានយកមកប្រើប្រាស់សម្រាប់ ធ្វើការអភិវឌ្ឍផែនការជាតិ ដោយសារកម្ពុជា ជួបនូវវិបត្តិកូវីដ១៩នេះ ហើយរាជរដ្ឋាភិបាលត្រូវយកថវិកានោះ មកប្រើប្រាស់អន្តរាគមន៍ បន្ទាន់ទើបធ្វើឲ្យប៉ះពាល់ដល់ការអនុវត្ដន៍ ការងារក្រសួងផងដែរហើយការងារ អាទិភាពមួយចំនួន គឺមិនអាចសម្រេចបានចំណុចដៅ ដែលក្រសួងបានកំណត់ទៅតាមផែនការឡើយ។

ចំណែកលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារជួបនូវវិបត្តិកូវីដ១៩នេះ ទើបត្រូវពន្យាពេលការធ្វើជំរឿនប្រជាជនសិន ដោយសារខ្វះមន្រ្តីមកធ្វើការ ។

លោកស្រីបន្ថែមថា “កន្លងមកមន្រ្តីដែលយើង យកគាត់មកធ្វើការ កែចុះលេខកូដឬក៏វាយទិន្នន័យ គឺថាយើងមានមន្រ្តីក្រសួងផែនការយើងខ្លះ និងមន្រ្តីជានិស្សិតខ្លះ ដល់ឥឡូវពេលបច្ចុប្បន្ននេះ យើងមានបញ្ហាកូវីដ១៩និស្សិតគឺសាលាត្រូវបិទទ្វានិស្សិតក៏គាត់ទៅផ្ទះគាត់ឈប់មកធ្វើការដែរ។ហើយមន្រ្តីនៅក្នុងក្រសួងរបស់យើងនេះ ក៏គាត់ត្រូវឈប់សម្រាក ។យើងអនុវត្តន៍តាមគោលការណ៍ តាមផែនការរបស់យើង ហើយក៏ប៉ុន្តែអ្វីដែលជាឧបសគ្គគឺបញ្ហាវីរុសហ្នឹង ដែលធ្វើឲ្យយើងមានការពន្យាពេលហ្នឹង”។

លោកស្រីក៏បានឲ្យដឹងផងដែរថា ការងារចុះជំរឿនប្រជាជននេះ ក្រសួងបានប្រើប្រាស់ប្រាស់មន្រ្តីចំនួន៥ម៊ឺននាក់ ក្នុងនោះមន្រ្តីត្រួតពិនិត្យចំនួន៩ ២០០នាក់ និងមន្រ្តីចុះសម្ភាសន៍ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផ្ទាល់ចំនួន ៣៨ ៤៤៧នាក់។

លោកស្រីបញ្ជាក់ថា រហូតមកដល់ពេលនេះ ទិន្នន័យចំនួនគ្រួសារដែលនៅសល់ ដែលត្រូវ វាយបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីកែតម្រូវឡើងវិញ មានចំនួន ៣,៣០០០០០គ្រួសារជាង៕