ភ្នំពេញ៖ បន្ថែមលេីវិធានការ ដែលបានដាក់ចេញ កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការ គាំទ្រចំនួន៥ចំណុច បន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយ ផលប៉ះពាល់ពីជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។
យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧ មីនា បានឲ្យដឹងថា វិធានការទាំង ៥ចំណុចនោះរួមមាន៖
១.ពន្យារពេលឲ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។
២.កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។
៣.កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។
៤.កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយ ទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។
៥.កាត់បន្ថយកម្រិតអនុបាត ក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។
ធនាគារជាតិនៃកម្ពុជា នឹងបន្ដតាមដាន យ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើង ជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រ កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ៕