ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ស្ថានភាព ការចរាចរនិងប្រើប្រាស់គ្រឿងញៀន ពុំមានការថយចុះសោះឡើយ ទោះបីជាកម្ពុជា និងបណ្ដាប្រទេសនានា ក្នុងពិភពលោកកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទប់ស្កាត់ និងបង្រ្កាបយ៉ាងណាក្ដី។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា “ទោះបីកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានា ក្នុងតំបន់និងពិភពលោកទាំងមូល បាននិងកំពុងខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងសកម្ម និងខ្លាំងក្លាក្ដី ប៉ុន្ដែស្ថានភាពជារួមនៃការផលិត ការចរាចរនិងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់ ពុំមានការថយចុះនោះឡើយ ប៉ុន្ដែហាក់ដូចជាមានកំណើន កាន់តែច្រើនឡើងទៅវិញ” ៕