ភ្នំពេញ ៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួង រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា បញ្ហាការរីករាលដាល នៃជំងឺកូវីដ១៩ មិនទាន់ធ្វើឲ្យប៉ះពាល់ ដល់វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានោះឡើយ ។
ក្នុង សន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាព និង ទិសដៅ ការងារ របស់ ក្រសួងរៀបចំដែនដី នៅ ថ្ងៃទី ១៦ មីនានេះ លោក សេង ឡូត បានមានប្រសាសន៍ថា គិត ត្រឹម ខែកុម្ភៈ ឆ្នាំ ២០២០ មាន គម្រោង វិនិយោគ ៥២៣ គម្រោង ដោយក្រុមហ៊ុនស្នើសុំវិនិយោគនេះ មកពី ១៨ ប្រទេស ក្នុងនោះ ចិន ឈរ លំដាប់លេខ ១ បន្ទាប់មក កូរ៉េ និង ជប៉ុន ។
លោកបញ្ជាក់ថា ”ខ្ញុំបានអានការវិភាគ សេដ្ឋកិច្ចពិភពលោកតាមសារព័ត៌មាន ជាច្រើនរបស់អ្នកវិភាគសេដ្ឋកិច្ច ក្នុងពិភពលោកក៏បានលើកឡើង ហើយនិងមានការព្រួយបារម្ភថា ឆ្នាំ២០២០នេះ សេដ្ឋកិច្ចពិភពលោក នឹងរងផលប៉ះពាល់ ធ្ងន់ធ្ងរ ពីបញ្ហាវីរុសឆ្លងកូវីដ១៩នេះ ហើយរហូតដល់ មានការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក អាចនឹងត្រូវកាត់បន្ថយ ៥០% នៅក្នុងឆ្នាំ២០២០នេះ ។ប៉ុន្តែបើយើងមើលទៅលើវិស័យសំណង់ នៅកម្ពុជាយើង តាមរយៈការដាក់ពាក្យ ស្នើសុំ លិខិតអនុញ្ញាតសាងសង់ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ យើងខ្ញុំតាមដាន ជាប្រចាំដែរ ដោយសារព្រឹត្តិការណ៍នេះ កំពុងតែរីករាលដាល ហើយយើងក៏ចង់ដឹងដែរ ថាតើវិស័យសំណង់នេះ ថមថយឬក៏ថេរឬ ក៏នៅតែបន្តកើន រហូតមកដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២០នេះ យើងសង្កេតឃើញថា អត់ទាន់មានការថយចុះទេ។ ផ្ទុយទៅវិញការ ស្នើសុំសាងសង់ ជាគម្រោងដែលបាន ដាក់ស្នើសុំកើនឡើង ហ្នឹងយើងអត់ទាន់ បានទៅមើល សំណង់ដែលបានសាងសង់ ជាក់ស្ដែង កំពុងសង់ឬយ៉ាងណា គ្រាន់តែស្នើសុំសាងសង់ ចំនួនគម្រោងកើនឡើង” ។
អ្នកនាំពាក្យ បានអំពាវនាវឲ្យម្ចាស់ គម្រោង និង ក្រុមហ៊ុន សាងសង់ទាំងអស់ ត្រូវគោរព ច្បាប់ សាងសង់ ឲ្យបាន ត្រឹមត្រូវ ដើម្បី ចៀសវាង ការខាតបង់ នៅ ថ្ងៃ អនាគត ៕