ភ្នំពេញ៖ ក្រោយពីមានសារព័ត៌មានបរទេសមួយ បានចុះផ្សាយថា សម្ដេចប្រហែលឆ្លងកូវីដ១៩នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជំងឺកូវីដ១៩ កាចសាហាវណាស់ទៅហើយ ប៉ុន្តែព័ត៌មានក្លេងក្លាយ កាចសាហាវជាងជំងឺនេះទៅទៀត ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ បណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ មីនានេះថា «មានទូរទស្សន៍បរទេសមួយ បានផ្សាយថា ខ្ញុំបាន ឬប្រហែលឆ្លងកូវីត១៩ ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភា និងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះ រហូតព្រឹកថ្ងៃអាទិត្យទី១៥ មីនា ២០២០។ កូវីដ១៩ វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវ ជាងជម្ងឺនេះទៅទៀត ដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំង ជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ» ។
សម្ដេចតេជោ ក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ ចូលរួមទប់ស្កាត់ការរីករាល ដាលនូវជម្ងឺឆ្លងនេះ តាមរយៈវិធានការអនាម័យ ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺ ឆ្លងបន្ថែមទៀតលើចំនួន ដែលបានឆ្លងរួចមកហើយចំនួន ៥នាក់ ក្នុងនោះជនជាតិខ្មែរ ម្នាក់ អង់គ្លេស ៣នាក់និង (ចិនម្នាក់ដែលបានព្យាបាល ជាសះស្បើយរួចហើយ) ៕