ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា បុរសជនជាតិខ្មែរ ដែលរកឃើញផ្ទុកមេរោគកូរ៉ូណា (Covid-19) នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា មិនទ្រុឌទ្រោមឡើ ខណៈមន្រ្តីជំនាញកំពុងយកសំណាក អ្នកដែលធ្លាប់មានទំនាក់ទំនង ជាមួយបុរសជនជាតិជប៉ុន ដែលផ្ទុកជំងឺកូវីដ១៩ ទៅពិនិត្យបន្តទៀត ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាជាង ៣ពាន់នាក់នៅព្រឹកថ្ងៃទី១០ មីនានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំនាវនាវកុំឲ្យមានការរើសអើង ដល់អ្នកសៀមរាបឲ្យសោះ ជាពិសេសមិនត្រូវរើសអើង ចំពោះជនជាតិខ្មែរ និងជនបរទេសឡើយ ស្របពេលអ្នកទេសចរបរទេស កំពុងបន្តដំណើរកម្សាន្តធម្មតានៅសៀមរាប។
ជាមួយគ្នានោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឯកភាពជាមួយការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានដែលថា ប្រសិនបើអ្នកទាំងអស់គ្នា ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩នោះ មិនដឹងជាមានមនុស្ស ប៉ុន្មានពាន់នាក់ទេ ដែលរួចផុតពីទុក្ខក្រៀមក្រំ ព្រោះខ្មែរយើងមិនភ័យខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩ឡើយ ។