ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ ព្រមទាំងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង ផងដែរ។
ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ)។ចំណែក បើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ)៕

