ធ​នា​គារ​ពិ​ភ​ព​លោ​ក​ប​ញ្ចេ​ញ​ក​ញ្ចប់​ថ​វិ​កា​បន្ទាន់ ១២ប៊ី​លាន​ដុល្លារ ជួយ​ដល់​ប្រ​ទេ​ស​កំ​ពុង​អភិ​វឌ្ឍ​ទប់​ទល់​ឥទ្ធិពល ជំងឺកូវីដ-១៩

0

ភ្នំពេញ ៖ ធនាគារពិភពលោកបានដាក់ចេញកញ្ចប់ហិរញ្ញប្បទាន ជំហានដំបូងមួយដែលមានទឹកប្រាក់ ១២ប៊ីលានដុល្លារសម្រាប់ជាវិធានការបន្ទាន់ដើម្បីជួយដល់បណ្តាប្រទេសនានាក្នុងការលៃលកជាមួយផលប៉ះទង្គិចផ្នែកសុខាភិបាល និងសេដ្ឋកិច្ច ដោយសារតែការផ្ទុះជំងឺនេះលើសាកលលោក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក កាលពីថ្ងៃទី៣ មីនា បានឲ្យដឹងថា កញ្ចប់ហិរញ្ញប្បទាននេះ មានគោលដៅជួយប្រទេសសមាជិក ឲ្យមានលទ្ធភាពចាត់វិធានការមានប្រសិទ្ធភាព តាមភាពជាក់ស្តែង ក្នុងការឆ្លើយតប ក៏ដូចជាក្នុងការកាត់បន្ថយ ផលប៉ះទង្គិចធ្ងន់ធ្ងរដែលបង្កដោយ ជំងឺកូវីដ-១៩។
លោក ដេវិដ ម៉ាលប៉ាស់ ប្រធានធនាគារពិភពលោក មានប្រសាសន៍ថា «ពេលនេះ យើងកំពុងតែខិតខំធ្វើការឆ្លើយតបឲ្យបានរហ័សរហួន និងដោយភាពបត់បែន ដោយផ្អែកលើតម្រូវការ នៅតាមប្រទេស ក្នុងការលៃលកជាមួយការសាយភាពរបស់ជំងឺ កូវិដ-១៩។ នៅក្នុងនេះ យើងមានវិធានការ ធ្វើហិរញ្ញប្បទានបន្ទាន់ ការផ្តល់ប្រឹក្សាគោលនយោបាយ និងជំនួយបច្ចេកទេស ដោយប្រើប្រាស់ឧបករណ៍ និងជំនាញឯកទេសដែលធនាគារពិភពលោកមានស្រាប់ ដើម្បីជួយប្រទេសនានា ក្នុងការឆ្លើយតបទៅនឹង វិបត្តិមួយនេះ»។
លោកបន្ដថា កញ្ចប់ហិរញ្ញប្បទាននេះនឹងផ្តល់ជំនួយឥតសំណង និងឥណទានមានការប្រាក់ទាប ពី IDA ដល់ប្រទេសមានចំណូលទាប និង ឥណទានពី IBRD សម្រាប់ប្រទេសមានចំណូលមធ្យម ដោយប្រើប្រាស់ឧបករណ៍ ប្រតិបត្តិការរបស់ធនាគារលើមូលដ្ឋានពន្លឿនការអនុម័តលើការផ្តល់ហិរញ្ញប្បទាន។
លោកបន្ថែមថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដែលជាសាខាវិស័យឯកជន របស់ធនាគារពិភពលោក នឹងផ្តល់ការគាំទ្រចាំបាច់ដល់អតិថិជនរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាឲ្យពួកគេអាចបន្តប្រតិបត្តិការអាជីវកម្ម និងរក្សាការងារ បានតទៅទៀត។
លោកបញ្ជាក់ថា ធនាគារពិភពលោក នឹងមានចង្កោមអន្តរាគមន៍ផ្សេងទៀត សម្រាប់ជួយពង្រឹង សេវាសុខាភិបាល និងការថែទាំសុខភាពបឋម ពង្រឹងការអង្កេតតាមដានជំងឺ និងការរាយការណ៍អំពី ស្ថានភាពជំងឺជំរុញការចូលពាក់ព័ន្ធរបស់សហគមន៍ដើម្បីរក្សាឱ្យបាននូវទំនុកចិត្តរបស់សាធារណៈ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវលទ្ធភាពរបស់អ្នកជំងឺក្រីក្រក្នុងការទទួលបានការព្យាបាលជំងឺ៕