ភ្នំពេញ ៖ បុរសជនជាតិសិង្ហបុរីម្នាក់ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហាមឃាត់មិនឲ្យចូលស្រុកខ្មែរ ក្រោយបុគ្គលរូបនេះប្រមាថរបាំព្រះរាជទ្រព្យខ្មែរ។
ក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២២ នាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “លោកគ្រូឱមអាមរបស់សិង្ហបុរីម្នាក់ ភាសាចិនហៅថា គ្រូហុងស៊ុយ បែរជាយករបាំព្រះរាជទ្រព្យខ្មែររាំនៅពីក្រោយលោកគ្រូឧមអាមទៅវិញ នេះបានសេចក្ដីថា របាំងខ្មែរគ្មានតម្លៃសោះ។ ខ្ញុំស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការទាំងនេះ។ក្នុងនាមខ្ញុំប្រមុខរាជរដ្ឋាភិបាល ខ្ញុំមិនអាចទទួលយកបានឡើយ”។
សម្ដេចបញ្ជាក់ថា “ថ្ងៃនេះខ្ញុំដាក់បទបញ្ជាឲ្យក្រសួងមហាផ្ទៃ អគ្គនាយករដ្ឋានអន្ដោប្រវេសន៍ ហាមឃាត់ លោកគ្រូឱមអាម (គ្រូហុងស៊ុយ) ម្នាក់នេះរស់នៅសាំងហ្គាពួរ (សិង្ហបុរី) មិនឲ្យចូលស្រុកខ្មែរតទៅទៀត។ប្រសិនបើលោកគ្រូម្នាក់នោះ សុំទោសរាជរដ្ឋាភិបាលកម្ពុជា និងសុំទោសរាជវង្សានុវង្សកម្ពុជា អាចនឹងបើកឱកាសយលោកគ្រូម្នាក់នេះចូលប្រទេសកម្ពុជា”៕

