ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអះអាងថា កម្ពុជាមានមន្ទីរពេទ្យបំរុង ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានបន្ទប់ត្រៀមទទួលអ្នកជំងឺ Covid-19 នៅដាច់ដោយឡែក និង ដែលមានបំពាក់សម្ភារៈការពារខ្លួន និងបុគ្គលិកទទួលការបណ្តុះបណ្តាលអំពីការការពារ និងត្រួតពិនិត្យ ការចំលងរោគជាស្រេច ជាពិសេសមន្ទីរពេទ្យដែលមាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ សុទ្ធតែបានរៀបចំទទួលករណីជំងឺ Covid-19រួចជាស្រេច។
យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី ៣ មីនា បានឲ្យដឹងបន្ថែមថាមកដល់បច្ចុប្បន្ននេះ ក្រៅពីប្រព័ន្ធតាមដានប្រកាសអាសន្ន និងឆ្លើយតបនៅកម្ពុជា (CamEWARN) និងប្រព័ន្ធផ្សេងៗទៀត ដូចជាប្រព័ន្ធតាមដានជំងឺស្រដៀងផ្តាសាយ ជំងឺរលាកសួតធ្ងន់ធ្ងរ និង ប្រព័ន្ធតាមដានលើចង្កោមរោគសញ្ញាក្តៅខ្លួន យើងមានមន្ត្រីឆ្លើយតបបន្ទាន់ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រហូតដល់មូលដ្ឋាន ២,៩១០នាក់ ក្នុងនោះមន្ត្រី អេពីដេមីសាស្ត្រអនុវត្ត ១៥១នាក់។ យើងមានមន្ត្រីចត្តាឡឺស័ក ប្រចាំការនៅគ្រ់ច្រកចេញចូលតាមព្រំដែនគោក អាកាសយានដ្ឋានអន្តរជាតិ និងកំពង់ផែ ដើម្បីស្វែងរកកណីសង្ស័យជំងឺ Covid-19 លើអ្នកដំណើរឆ្លងកាត់។ ក្រៅពីវិទ្យាស្ថានប៉ាស្ទ័រ និង មន្ទីរពិសោន៍ជីវសុវត្ថិភាពកម្រិត III មានមន្ទីរពិសោធន៍នានា បានទទួលការបណ្តុះបណ្តាល ក្នុងការយកសំណាកពីករណីសង្ស័យ របៀបវេចខ្ចប់ និងដឹកជញ្ជូនសំណាកយកទៅវិភាគផងដែរ ។ នីតិវិធីសំរាប់ការធ្វើតេស្តរកវីរុស Covid-19 គឺគោរពទៅតាមការណែនាំ របស់អង្គការសុខភាពពិភពលោក ៕