នាយករដ្ឋមន្ត្រី​ ដាស់តឿនពលរដ្ឋ ឲ្យថែរក្សាអនាម័យ ខណៈនៅកម្ពុជា មិនមានករណីឆ្លងវីរុសកូវីដ១៩

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាស់តឿនឲ្យប្រជាពលរដ្ឋ ថែរក្សាអនាម័យសុខភាពផ្ទាល់ខ្លួន ខណៈនៅក្នុងប្រទេសកម្ពុជា មិនមានករណីឆ្លងវីរុសកូវីដ១៩។

សម្ដេចតេចជោ ហ៊ុន សែន បានសរសេរលេីបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នេះថា “ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន ដូច្នេះប្រជាពលរដ្ឋចូលរួមថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារឲ្យបានល្អ។ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល”។

សម្តេចតេជោបន្តថា ចំពោះកម្ពុជាមកទល់ពេលនេះ គឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ គឺពលរដ្ឋចូលរួមហាត់កីឡានិងទទួលទានទឹកឲ្យបានច្រើន៕