ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានលើកឡើងថាការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដូចជា Facebook និង Messenger មានភាពទូលំទូលាយណាស់នាពេលបច្ចុប្បន្ន ដូច្នេះលោកអ្នកប្រើប្រាស់ខ្លះប្រហែលជាបានដឹងហើយថា ប្រព័ន្ធបណ្តាញសង្គមទាំងពីរនេះ ជាពិសេសប្រព័ន្ធបណ្តាញសង្គម Messenger មានភាពរអាក់រអួលខ្លះៗក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះដូចជា ការផ្ញើសារមិនចូល ឬកម្មវិធីត្រូវបានបិទដោយស្វ័យប្រវត្តិជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នកគ្រាន់តែលុបកម្មវិធីចាស់ចោល ហើយដំឡើងកម្មវិធីនោះឡើងវិញជាការស្រេច ប៉ុន្តែមានអ្នកខ្លះប្រហែលជាពុំបានដឹងទេពីបញ្ហាដែលនាំឱ្យមានភាពរអាក់រអួលនេះផងដែរ។
ភាពរអាក់រអួលជាមួយកម្មវិធីទាំងពីរនេះ គឺដោយសារក្រុមហ៊ុនហ្វេសប៊ុកបានកំពុងធ្វើបច្ចុប្បន្នភាព (Update System) លើកម្មវិធីនេះមានដូចជា៖
– កម្មវិធី Facebook៖ ការបង្កើតរូបភាព 3D មិនចាំបាច់ប្រើរូបភាពប្រភេទ Portrait ទៀតទេ ដោយក្រុមហ៊ុនបានប្រើបច្ចេកវិទ្យា Artificial Intelligent (AI) ដើម្បីទាញយកផ្ទៃខាងមុខ និងផ្ទៃខាងក្រោយរបស់រូបភាពក្នុងការបង្កើតរូបភាព 3D វិញ។
– កម្មវិធី Messenger៖ ដើម្បីធ្វើឱ្យកម្មវិធីប្រើបានកាន់តែលឿន ហើយថែមទាំងមានភាពងាយស្រួលក្នុងការប្រើកម្មវិធីទៀតនោះ ក្រុមហ៊ុនបានលុបចោលមុខងារ Discover ប៉ុន្តែប្រសិនបើលោកអ្នកចង់ប្រើមុខងារផ្សេងទៀតដូចជា Bots និង games លោកអ្នកអាចប្រើបានតាមរយៈមុខងារស្វែងរក (search) វិញ៕