សូមជ្រាប!គ្មានឡើយភ្ញៀវទេសចរជប៉ុនស្លាប់ដោយសារជំងឺ Covid 19 នៅប្រាសាទអង្គរវត្ត

0

ភ្នំពេញ៖យោងទៅលើហ្វេសប៊ុកឈ្មោះ Sdam Husen និងទំព័រលើហ្វេសប៊ុកផ្សេងៗបានចុះផ្សាយថា «ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់បានស្លាប់ដោយ Covid19 នៅប្រាសាទអង្គរវត្តប៉ុន្មាននាទីមុននេះ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០» ដោយប្រើរូបភាពចាស់។ចំពោះករណីចុះផ្សាយខាងលើនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមបដិសេធថាពុំមែនជាព័ត៌មានពិតទេ។ រីឯរូបភាពដែលបានប្រើប្រាស់នោះ គឺជាព្រឹត្តិការណ៍បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ត្រីភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពាន់ និងត្រូវបានបញ្ជូនទៅព្យាបាលតាមរថយន្តពេទ្យ Royal Angkorភ្លាមៗ។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩កុម្ភៈនេះ អាជ្ញាធរជាតិអប្សរា ស្នើដល់ម្ចាស់គេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពចែកចាយនិងផ្សព្វផ្សាយនូវព័ត៌មានផ្ទុយពីការពិត ដែលនាំមកនូវការខាតបង់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ បាត់បង់កិត្តិយសជាតិ រួមនឹងសតិអារម្មណ៍របស់ភ្ញៀវទេសចរ និងប្រជាជាតិខ្មែរ៕