ក្រសួងសុខាភិបាលប្រាប់ពលរដ្ឋរស់នៅតាមបណ្ដាខេត្តជាប់ព្រំដែនវៀតណាមកុំទទួលទានបក្សីឈឺឬងាប់

0

ភ្នំពេញ៖ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត អប់រំផ្សព្វផ្សាយព័ត៌មាន និងវិធានការការពារ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីបង្ការទប់ស្កាត់ជំងឺនេះ កុំអោយកើតមានឡើង។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ស្របពេលដែលមានការជំរុញការអប់រំផ្សព្វផ្សាយ និងវិធានការការពារ វីរុស COVID-19 ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍និងដោយផ្អែកតាមព័ត៌មានពីខេត្តភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២០ មានផ្ទុះជំងឺផ្តាសាយបក្សី H5N1 អាជ្ញាធរវៀតណាម បានកំទេចសត្វមាន់ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល ។

ដូច្នេះ ដើម្បីការពារជំងឺនេះ ក្រសួងសុខាភិបាល ជំរុញឲ្យអភិបាលរាជធានី-ខេត្ត បង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ជាមួយប្រទេសវៀតណាមដូចជា៖ ខេត្តកណ្តាល, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, កំពត ,រតនគីរី ,មណ្ឌលគីរី, កែប, និងខេត្តតាកែវ ដោយមិនត្រូវទទួលទានសត្វបក្សីឈឺ ឬងាប់ ត្រូវចំអិនឲ្យបានឆ្អិនល្អ, ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយនិងសាប៊ូនិងទឹកមុនពេលបរិភោគនិងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបក្សី។

បើបុគ្គលណាម្នាក់មានគ្រុនក្តៅលើសពី ៣៨.៥ អង្សារសេ ក្អក ពិបាកដកដង្ហើម និង មានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍១១៥ ឬទូរស័ព្ទ ០១២ ៤៨៨ ៩៨១ / ០១២ ៨៣៦ ៨៦៨៕