ភ្នំពេញ៖ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងប្រឈមនឹងការរំខានដោយជំងឺ កូវីដ ១៩ (កូរ៉ូណា)នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ច្បាស់សារជាថ្មីនៅថ្ងៃនេះ ជូនដល់បងប្អូនជនរួមជាតិទូទាំងប្រទេសអោយបានជ្រាបថា បើបងប្អូនទិញផ្ទះ ទិញខុនដូ ឬផ្ទះល្វែង ក្រោមតម្លៃ ៧ម៉ឺនដុល្លារ គឺមិនមានបង់ពន្ធប្រថាប់ត្រាទេ។
នេះជាឱកាសដ៏ល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលចង់បានផ្ទះសម្បែងរស់នៅក្នុងតម្លៃសមរម្យនៅក្នុងកាលៈទេសៈនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជាថ្មីថា”អ្នកដែលទិញលំនៅឋានក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ។ ប៉ុន្តែសុំបញ្ជាក់លំនៅដ្ឋាននៅទីនេះក៏និយាយទៅដល់ខុនដូដែរ ព្រោះខុនដូមួយកន្លែងៗគេទិញមួយ Unit ដែលជួនកាលតែ ៥ឬ៦ម៉ឺនដុល្លារទេក៏ត្រូវមិនជាប់ពន្ធដែរ”៕