ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៩០.៤៧១ដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាត់បន្ថយ ភាពក្រីក្រនៅកម្ពុជា។ ថវិកាក្រោមគ្រោងការណ៍ របស់អង្គការក្រៅ រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈនេះ ។
ហិរញ្ញប្បទានឥតសំណងជិត ៩០ម៉ឺនដុល្លារ ដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ឲ្យកម្ពុជានាពេលនេះ គឺសម្រាប់គម្រោងសាងសង់ អាងស្តុកទឹកសម្រាប់ លើកកម្ពស់កសិកម្ម នៅព្រះវិហារ-ភូមិធម្មជាតិសម្តេចតេជោ ក្នុងទឹកប្រាក់ចំនួន ៨៥.០១៩ដុល្លារ ខណៈគម្រោងរួមបញ្ចូលគ្នា សម្រាប់លើកកម្ពស់សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តកំពង់ឆ្នាំងចំនួន ៤៥២.៤២៧ដុល្លារ និងគម្រោងសម្រាប់ការកសាង សមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌល សិក្សាសហគមន៍ ក្នុងទឹកប្រាក់ចំនួន ៣៥៣.០២៥ដុល្លារ ។
ក្នុងឱកាសនោះដែរលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា រំពឹងថា គម្រោងទាំងនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ពិសេសស្ត្រី និងកុមារមានសុខភាព និងជីវភាពកាន់តែប្រសើរ ។ លោកទូតជប៉ុនបន្ថែមថា ហិរញ្ញប្បទានឥតសំណងនេះ មានសារៈប្រយោជន៍សម្រាប់ការរួមចំណែក អភិវឌ្ឍន៍អនាគតរបស់ប្រទេសកម្ពុជា ពិសេសការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ជនបទ ៕