ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឲ្យ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កោះហៅឯកអគ្គរដ្ឋទូតម៉ាឡេស៊ី មកឆ្លើយបំភ្លឺចំពោះការរកឃើញ ស្រ្តីនជាតិអាមេរិក វ័យ៨៣ឆ្នាំម្នាក់ ផ្ទុកជំងឺកូវីដ ១៩ ក្រោយចាកចេញពីកម្ពុជា ។
ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសជូនជនរួមជាតិ ទូទាំងប្រទេសអំពីស្ថានភាពថ្មីៗចុងក្រោយ ពាក់ព័ន្ធប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះលោកស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលបានប្រកាសថា រកឃើញស្រ្តីម្នាក់ផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា ព្រោះបានធ្វើឲ្យប៉ះពាល់ដល់ កិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ។ សម្ដេចថា ម៉ាឡេស៊ីត្រូវតែធ្វើការ ទទួលខុសត្រូវលើបញ្ហានេះ ខណៈសម្ព័ន្ធភាពកម្ពុជា-ម៉ាឡេស៊ី នឹងអាចមានការប្រែប្រួល ។