ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងញៀន នៅតែបន្ដកើតមាន ពិសេស ក្នុងស្រទាប់យុវជន ទាំងនៅទីក្រុង និងជនបទ ដែលតម្រូវឲ្យមានការសិក្សា ដាក់ចេញវិធានការថ្មីៗ ប្រកបដោយប្រសិទ្ធភាពថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន។
ក្នុងពិធីបិទសន្និបាតការងារ ឆ្នាំ២០១៩ និងលើកទិញដៅការងារ ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ចំពោះបញ្ហាគ្រឿងញៀនខុសច្បាប់ ទន្ទឹមការអនុវត្តជាប្រចាំនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប៉ុន្ដែអាស្រ័យដោយនិន្នាការកើនឡើងនៃការផលិត ការចរាចរ និងការចែកចាយគ្រឿងញៀនខុសច្បាប់ក្នុងតំបន់ និងក្នុងពិភពលោក ធ្វើឲ្យសកម្មភាពចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀននៅតែបន្ដកើតមាន ពិសេសក្នុងស្រទាប់យុវជន ទាំងនៅទីក្រុង និងជនបទ ដែលតម្រូវឲ្យមានការសិក្សា ដាក់ចេញវិធានការថ្មីៗ ប្រកបដោយប្រសិទ្ធភាពថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់”។
បន្ថែមពី សម្ដេចក្រឡាហោម អះអាងថា កងកម្លាំងនគរបាលជាតិ បានខិតខំពង្រឹងវិធានការជំនាញ វិធានការមហាជន តាមរយៈការជំរុញចលនាមហាជនឲ្យចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងបង្កើតកិច្ចសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា រួមគ្នាគ្រប់គ្រងសភាពការណ៍ផ្ទៃក្នុង ទប់ស្ដាក់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងបង្កឲ្យមានអស្ថិរភាពក្នុងសង្គម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្ដរជាតិ ដើម្បីបង្ការទប់ស្ដាត់ និងបង្ក្រាបបទល្មើសនានាទទួលបានលទ្ធផលកាន់តែល្អប្រសើរ ដោយបង្ក្រាបបទល្មើសនានា ក្នុងសង្គមបានរហូតដល់ ៨៩%នៃបទល្មើសដែលកើតឡើង”។
សម្ដេចក្រឡាហោម បន្ដថា ទន្ទឹមនេះ ការគ្រប់គ្រងជនអន្ដោប្រវេសន្ដក៏មានកិច្ចខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ចូលរួមក្នុងការពង្រឹងសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម និងការអភិវឌ្ឍសង្គមជាតិ។ជាមួយនេះ ការគ្រប់គ្រងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ ក៏សម្រេចបានសមិទ្ធផលជាច្រើន ជាពិសេស ការរៀបបំក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្មតាមបច្ចេកវិទ្យាទំនើប ដើម្បីចូលរួមបម្រើឲ្យការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។
ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា អំពីការគ្រប់គ្រង រក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទោះបីជាលទ្ធផលនៃការបង្ក្រាបបទល្មើសព្រហ្មទណ្ឌកើនឡើង ប៉ុន្ដែចំនួនបទល្មើសក៏មានការកើនឡើងផងដែរ។ប្រការនេះដែលទាមទារត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ស្រាវជ្រាវអំពីវិធានការនានាដើម្បីបង្ការ ទប់ស្កាត់បទល្មើស សំដៅកាត់បន្ថយបទល្មើសនានាក្នុងសង្គម។ក្នុងនោះ គ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យកើនឡើងយ៉ាងគំហុកនូវចំនួនអ្នកស្លាប់ និងរបួស ដែលទាមទារត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ដាច់ខាតនូវច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក៕