ភ្នំពេញ៖បាត់ដំបងជាឈ្មោះខេត្តដ៏ល្បីមួយរបស់កម្ពុជាស្រាប់តែនៅពេលនេះត្រូវបានប្ដីប្រពន្ធជនជាតិវៀតណាមដែលលួចចូលមករស់នៅកម្ពុជាដោយខុសច្បាប់យកទៅដាក់ឈ្មោះឲ្យកូនប្រុសពួកគេទៅវិញ។
បើយោងតាមគេហទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថាកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផែនអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានចុះធ្វើរដ្ឋបាល រកឃើញជនបរទេស ជាជនជាតិវៀតណាមចំនួន ០៣នាក់ ស្នាក់នៅ និងធ្វើការខុសច្បាប់។
នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិវៀតណាមទាំង ០៣នាក់នេះ មាន ១. ឈ្មោះ ង៉ោ វ៉ាន់ហៃ NGO VAN HAI អាយុ ៣៥ឆ្នាំ ភេទប្រុស ជាប្តី, ២. ឈ្មោះ ង្វៀង ធីអាញ់ Ngeang Thi Anh អាយុ ៣២ឆ្នាំ ភេទស្រី ជាប្រពន្ធ និង៣. ឈ្មោះ បាត់ដំបង Battambang អាយុ ១ឆ្នាំ ភេទ ប្រុស។
បន្ទាប់ពីធ្វើការសាកសួរ ជនបរទេសរូបនេះ បានឆ្លើយថា ចូលមកប្រទេសកម្ពុជា តាមច្រកភ្នំដិន តាំងតែពីខែមីនាឆ្នាំ២០១៩ ដោយគ្មានឯកសារឆ្លងដែន ស្នាក់នៅខុសច្បាប់ និងបានការឯកភាពពីថ្នាក់នាំ កម្លាំងការិយាល័យជំនាញ បានរៀបចំបញ្ជូន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕