សំណួរ២ត្រូវបានចោទសួរឡើងចំពោះការរីងទឹកក្នុងបរិវេណស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្ត

0

ភ្នំពេញ៖ នាឆ្នាំ២០០៤ ស្រះស្រង់ និងកសិន្ធុប្រាសាទអង្គរវត្តត្រូវបានរីងទឹកនារដូវប្រាំង។ នៅពេលនោះ មានសំណួរចំនួន២ដែលអ្នកជំនាញផ្នែកគ្រប់គ្រងទឹកត្រូវស្វែងរកដំណោះស្រាយ ១)តើបុព្វបុរសបង្កើតកសិន្ធុទឹក និងបារាយណ៍ធំៗមកដើម្បីអ្វីបើគ្មានមធ្យោបាយបញ្ចូលទឹក? ២)តើបុព្វបុរសបង្កើតកសិន្ធុទឹក បារាយណ៍ និងអាងទឹកតាមប្រាសាទដើម្បីអ្វី?នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។

លោក ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរាលើកឡើងថាតាមរយៈការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ផ្នែកបុរាណវិទ្យា និងឯកសារផ្សេងៗ និងនៅលើការដ្ឋានផ្ទាល់យើងរកឃើញថា រាល់គ្រឹះប្រាសាទតែងមានស្រទាប់ខ្សាច់ ហើយគ្រឹះស្រទាប់ខ្សាច់ក្រោមប្រាសាទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទឹកក្រោមដី ព្រោះទឹកក្រោមដីបានជួយស្រទាប់ខ្សាច់បានរឹងមាំនិងទ្រទ្រង់ប្រាសាទដែលមានទម្ងន់មហិមា។

បន្ទាប់ពីសិក្សាស្វែងយល់អំពីតួនាទីដ៏សំខាន់របស់ទឹក នៅក្នុងឆ្នាំ២០០៥ នាយកដ្ឋានគ្រប់គ្រងទឹក ដែលពេលនោះគ្រប់គ្រងផ្ទាល់ដោយលោកបានសម្រេចស្ដារប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរឡើងវិញមានដូចជានៅប្រាសាទអង្គរវត្ត ស្រះស្រង់ បន្ទាប់មកឆ្នាំ២០០៧ ចាប់ស្ដារបារាយណ៍ខាងជើង។ បន្ទាប់មកទៀតយើងក៏បានធ្វើការស្ដារឡើងវិញនូវប្រឡាយ និងទំនប់ជាច្រើនដែលមានប្រវែងសរុបជាង៥២គីឡូម៉ែត្រដែលក្នុងនោះមានទ្វារទឹកជាច្រើនដែរ។ ចាប់ពីពេលនោះមក បារាយណ៍ខាងជើងចាប់ផ្តើមមានទឹកឡើងវិញ ក្រោយពីបានគោកគ្មានទឹកនិងបាត់បង់តួនាទីជាង៥០០ឆ្នាំមកហើយ។

ទន្ទឹមនឹងនេះ បារាយណ៍និងប្រព័ន្ធប្រឡាយទឹកផ្សេងៗក៏ចាប់ផ្តើមស្ដារឡើងវិញធ្វើឱ្យទឹកក្នុងរមណីយដ្ឋានអង្គរដូចជាបារាយណ៍ខាងជើង កសិន្ធុប្រាសាទអង្គរវត្ត កសិន្ធុក្រុងអង្គរធំ ស្រះស្រង់ជាដើម មានប្រព័ន្ធបញ្ចូលទឹកឡើងវិញ និងអាចរក្សាទឹកបានទាំងខួបប្រាំងខួបវស្សា។ លើសពីនេះទៀត ការធ្វើឲ្យប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរមានជីវិតឡើងវិញបានធ្វើឲ្យរមណីយដ្ឋានអង្គរលែងប្រឈមនឹងការខ្វះខាតទឹកធានាបានគ្រប់គ្រាន់ទឹកសម្រាប់ទ្រគ្រឹះប្រាសាទនារដូវប្រាំង ព្រមទាំងបញ្ជៀសបាននូវបញ្ហាទឹកជំនន់ទៀតផងចាប់ពីឆ្នាំ២០១២មក។

លោកអគ្គនាយកអាជ្ញាធរជាតិអប្សរាបានបញ្ជាក់បន្ថែមថាអ្វីយើងសម្រេចបាននាពេលនេះគឺគ្រាន់តែយកប្រព័ន្ធធារាសាស្រ្ដបុរាណសម័យអង្គរដែលមានស្រាប់ដែលបន្សល់ពីបុព្វបុរសខ្មែរមកធ្វើឱ្យវារស់ឡើងវិញតែប៉ុណ្ណោះដែលចំណុចទាំងនេះហើយត្រូវបានអង្គការយូណេស្កូក៏ដូចជាអន្ដរជាតិឱ្យតម្លៃដល់កម្ពុជានិងតែងតែអញ្ជើញអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាអោយទៅចែករំលែកបទពិសោធន៍គ្រប់គ្រងទឹកដល់ស្ថាប័នអន្តរជាតិផ្សេងៗទៀត៕