ភ្នំពេញ៖អនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យកាន់តែមានប្រសិទ្ធិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអះអាងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថានឹងបង្កើតក្រុមពិសេស ដើម្បីធ្វើការស្រាវជ្រាវជាបន្ទាន់ លើម្ចាស់គណនីហ្វេសប៊ុក ឬគេហទំព័រទាំងឡាយណា ដែលបានបញ្ចេញវីដេអូអាសអាភាស ឬ បង្ហោះលក់ទំនិញតាមអនឡាញ ណាដែលនៅតែហ៊ានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនដើម្បីយកមកចាត់វិធានការតាមច្បាប់។
សូមមរំលឹកថា ដើម្បីលើកកម្ពស់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយសរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យពិនិត្យ និងចាត់វិធានការបន្ទាន់ទៅលើវីដេអូអាសអាភាសរបស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយ និងចែកចាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា នៅក្នុងកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ដោយយោងតាមអនុសាសន៍របស់ សម្តេចតេជោ ដែលបានប្រគល់ភារកិច្ចនេះមកឱ្យក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការនគរបាលជាតិបានបញ្ជាមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីធ្វើការស្រាវជ្រាវលើបញ្ហានេះ។ គួររម្លឹកផងដែរថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានហៅមកបំភ្លឺ និងធ្វើការណែនាំប្រជាពលរដ្ឋជាច្រើនមកហើយទាក់ទងនឹងបញ្ហានេះផងដែរ៕