ភ្នំពេញ៖ ស្ត្រីម្នាក់ដែលបើកបរម៉ូតូគ្មានស្លាកលេខ ល្មើសគំនូសសញ្ញាចរាចរណ៍ ហើយវាយមកលើសមត្ថកិច្ច ពេលនេះគាត់បានទទួលសារភាពកំហុស និងធ្វើការសុំទោសជាសាធារណ:នូវការបើកបរល្មើសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វើមកលើសមត្ថកិច្ច ។
មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈពេលនោះ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជើងនៅគោលដៅទីនោះ បានហៅ ស្ត្រីខាងលើ ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង រួចមក ស្ត្រីខាងលើបានដកទូរស័ព្ទមកថតសមត្ថកិច្ច ភ្លាមៗនោះ សមត្ថកិច្ចក៏បានដកទូរស័ព្ទមកថតស្ត្រីខាងលើវិញផងដែរ។
ខណៈពេលនោះ ស្រាប់តែស្ត្រីខាងលើបានប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីយកទូរស័ព្ទដែលសមត្ថកិច្ចថតគាត់នោះ។
បច្ចុប្បន្នស្ត្រីខាងលើនិងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់ទីស្នាក់ការចរាចរណ៍ជើងគោក នៅខាងក្រោយព្រះបរមរាជវាំង ដើម្បីធ្វើការផាកពិន័យតាមផ្លូវច្បាប់។ចំពោះករណីដែលវាយសមត្ថកិច្ចនោះ គឺមិនមានការបឹ្តងនោះឡើយ៕